បរទេស៖ ព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ ដែលត្រូវបានពន្យារពេល១ឆ្នាំ ទីបំផុត នឹងចាប់ផ្តើមការប្រកួតរបស់ខ្លួននៅរាត្រីនេះ បើទោះបីវីរុសកូវីដ ១៩ នៅតែជាពពកខ្មៅដែលស្ថិតនៅពីលើយុទ្ធនាការនេះក៏ដោយ។
ព្រឹត្តិការណ៍ដែលរៀបចំឡើងក្នុងប្រទេសជាច្រើនមួយនេះ ដែលដំបូងឡើយត្រូវបានផ្តួចផ្តើមគំនិតដោយអតីតប្រធាន UEFA លោក Michel Platini នៅពេលដែលលោកបានប្រកាសថា ការប្រកួតនឹងត្រូវរៀបចំឡើងទូទាំងអឺរ៉ុបនោះ នឹងត្រូវលេងពីមុខអ្នកគាំទ្រក្នុងចំនួនដែលកំណត់ រួមជាមួយនឹងការអនុវិធានការសុខាភិបាលយ៉ាងតឹងរ៉ឹង។ សកម្មភាពប្រកួតនឹងចាប់ផ្តើមនៅកីឡដ្ឋាន Stadio Olimpico ក្នុងទីក្រុងរ៉ូម ដោយក្រុមជម្រើសជាតិអ៊ីតាលី នឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិតួកគី ពីមុខអ្នកគាំទ្រចំនួន១៦០០០នាក់។ ដោយឡែក ការត្រៀមលក្ខខណៈរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ សម្រាប់យុទ្ធនាការដែលមានរយៈពេល១ខែមួយនេះ ត្រូវបានរំខាន ដោយសារតែកីឡាករ២នាក់របស់ខ្លួនគឺ Sergio Busquets និង Diego Llorente បានតេស្តឃើញជាវិជ្ជមានលើវីរុសកូវីដ ១៩ បើទោះបី Llorente បានទទួលលទ្ធផលអវិជ្ជមានវិញ កាលពីថ្ងៃព្រហស្បតិ៍ ក៏ដោយ។
អតីតម្ចាស់ជើងឯកនេះ គ្មានជម្រើសអ្វីក្រៅពីការជ្រើសរើសយកកីឡាករបម្រុងចំនួន១៧នាក់ ដោយសារតែបារម្ភថា មានការផ្ទុះការឆ្លងកាន់តែខ្លាំងក្នុងក្រុមដែលមានសមាជិក២៦នាក់ក៏ដោយ។ បើទោះបីប្រធានក្រុម Busquets មានវីរុសកូវីដ ១៩ ក៏ដោយ លទ្ធផលតេស្តរបស់ Llorente នឹងនាំឲ្យមានការព្រួយបារម្ភថា ក្រុមជម្រើសដំបូង អាចនឹងត្រូវអវត្តមានក្នុងការប្រកួតបើកឆាករបស់អេស្ប៉ាញ ពេលប៉ះក្រុមជម្រើសជាតិស៊ុយអែត ក្នុងទីក្រុង Seville នៅរាត្រីថ្ងៃចន្ទ៕
ប្រភពព័ត៌មាន៖ Channel New Asia