ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រឈមការប្រកួតកាន់តែលំបាក ខណៈពួកគេត្រូវជួបក្រុមខ្លាំងលេខ២ ប្រចាំនៅអាស៊ី អ៊ីរ៉ាក់ នៅក្នុងការប្រកួតជម្រុះជុំទី២ ប្រចាំពូលC នៃពានរង្វាន់ FIFA World Cup Qatar 2022 លើទឹកដីប្រទេសបារ៉ែន នាយប់ម៉ោង ៩:៣០ ថ្ងៃសុក្រនេះ។
សម្រាប់ការប្រកួត២លើក នៅលើទឹកដីប្រទេសបារ៉ែន កន្លងមកនេះ ក្រុមជម្រើសជាតិកម្ពុជា បានចាញ់ក្រុមម្ចាស់ផ្ទះ ៨-០ និងបានបន្តចាញ់ក្រុមអ៊ីរ៉ាក់ ៤-១ ចំណែកការប្រកួតជម្រុះចុងក្រោយរបស់ខ្លួន ជាមួយក្រុមអ៊ីរ៉ាក់ នៅថ្ងៃនេះ កម្ពុជា ត្រូវបានគេគិតថា នឹងអាចទទួលភាពជូរចត់ខ្លាំងជាងនេះ ដោយសារតែ ការជួបគ្នាលើកទី១ អ៊ីរ៉ង់ ធ្លាប់បានលត់ក្រុមកម្ពុជា រហូតដល់ ១៤-០ ឯណោះ។
យ៉ាងណាក៏ដោយ ក្រុមគោព្រៃកម្ពុជា ត្រូវបានគេគិតថា មិនប្រកាន់យកការលេងបិទ ឬចតឡានក្រុង ដើម្បីរក្សាលទ្ធផលកុំឱ្យអាក្រក់ពេកនោះទេ ព្រោះអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda ធ្លាប់បាននិយាយម្តងហើយម្តងទៀតថា កម្ពុជា ត្រូវផ្តោតទៅលើទម្រង់លេងរបស់ខ្លួន គឺត្រូវបង្កើតឱកាសបានច្រើន នៅតំបន់លើ ទៅតាមដែលអាចធ្វើបាន។
បន្ថែមលើនេះ តាមរយៈការប្រកួត២លើក ទាំងជាមួយក្រុមបារ៉ែន និងក្រុមអ៊ីរ៉ាក់ គឺកម្ពុជា មិនបានរៀបចំប្រព័ន្ធលេងបិទ នៅមុខទីនៅទេ។ កម្ពុជា តែងតែប្រកាន់យកការលេង តាមបែបវាយបក ដើម្បីបង្កើតឱកាស និងធ្វើយ៉ាងណា ត្រូវគ្រប់គ្រងបាល់ឱ្យបានច្រើន ព្រោះនេះជាមូលដ្ឋានគ្រឹះ និងទិសដៅដែល លោក Keisuke Honda បានដាក់ចេញ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជា ហ៊ានលេង និងលេងប្រកបដោយភាពជឿជាក់ ដើម្បីភាពរីកចម្រើនរបស់ក្រុមកម្ពុជា ទៅថ្ងៃខាងមុខទេ។
ជាមួយគ្នានេះ គ្រូបង្វឹកជនជាតិជប៉ុនលោក Ryu Hirose គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា បាននិយាយនៅក្នុងសន្និសីទកាសែត កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ម្សិលមិញថា៖«វាជាការប្រកួតដ៏តានតឹងមួយ ជាមួយប្រទេសអ៊ីរ៉ង់ ព្រោះកាលពីជំនួបលើកមុន យើង បានចាញ់ដល់ ១៤-០។ តែទោះបីជាយ៉ាងណា យើងនឹងមិនផ្លាស់ប្តូរទម្រង់លេងរបស់យើង ដែលព្យាយាមរក្សានូវការគ្រប់គ្រងបាល់ នៅតំបន់លើ ដូចគ្នានឹងអ្វី ដែលយើងបានធ្វើ ពេលប្រកួត២លើកចុងក្រោយនោះទេ»៕