បរទេស៖ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​វេលស៍ និង​ក្រុម​មាន​ចំណាត់​ថ្នាក់​លេខ​១ក្នុងពិភព​លោក បែលហ្ស៊ិក នឹង​ចាប់ផ្តើម​យុទ្ធនាការ Euro ឆ្នាំ​២០២០​ នៅ​រាត្រីនេះ ក្រោយ​ពី​យុទ្ធនាការ​ដែលត្រូវ​បានពន្យារ​ពេល​មួយ​នេះ បាន​ចាប់​ផ្តើម ដោយ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី ដណ្តើម​បាន​ជ័យ​ជម្នះ​យ៉ាង​កក់ក្តៅ ក្នុង​រាត្រីដ៏រំភើបក្នុង​ទីក្រុង​រ៉ូម​។

ក្រោយ​ពី​ការ​ប្រកួត​កីឡា​បាល់​ទាត់​ត្រូវ​បានរៀប​ចំ​ឡើង​នៅ​កីឡដ្ឋាន​ដោយ​គ្មាន​អ្នក​ទស្ស​នា​អស់​រយៈពេល​១​ឆ្នាំ ដោយ​សារ​តែ​ការ​ឆ្លង​រាត​ត្បាត​នៃ​វីរុស​កូវីដ ១៩ កីឡដ្ឋាន Stadio Olimpico មាន​អ្នក​ទស្សនា​ប្រមាណ​ជា​១៥%នៃ​ចំនួន​ដែល​អាច​ផ្ទុក​អ្នក​ទស្ស​នា​សរុប សម្រាប់ការ​ប្រកួត​បើកឆាកក្នុង​ព្រឹត្តិ​ការណ៍ Euro ហើយ​អ្នក​គាំទ្រនក្រុម​ម្ចាស់ផ្ទះ​ចំនួន​១៦០០០នាក់ បាន​ជួប​ភាព​រីក​រាយ​ដោយ​ក្រុមអ៊ីតាលី ផ្តួល តួក​គី ក្នុងលទ្ធផល ៣-០​​។ ដោយឡែក ក្នុង​ទីក្រុង Baku ប្រទេស​អាស៊ែ​បៃហ្សង់ អ្នក​គាំទ្រ​រហូត​ដល់​ទៅ​៣១០០០នាក់ នឹង​ត្រូវ​អនុ​ញ្ញាត​ឲ្យ​ចូល​ទស្ស​​នាការ​ប្រកួត​គូ​ទី​១នៅ​ថ្ងៃ​សៅរ៍​នេះ នៅពេល​ដែល​ក្រុម​ជម្រើស​ជាតិ​វេលស៍ ដែល​បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្នុង Euro ឆ្នាំ​២០១៦ នៅ​បារាំង​នោះ ប្រកួត​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ស្វ៊ីស ក្នុង​ពូល A ខណៈ​ដែល Gareth Bale ធ្វើ​ជា​ប្រធានក្រុម​​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ បែលហ្ស៊ិក ដែល​ជាក្រុម​មួយក្នុង​ចំណោមក្រុមកំពូល​ៗ នឹ​ងត្រូវ​ប៉ះ​រុស្ស៊ី ក្នុង​ទីក្រុង Saint-Petersburg ប៉ុន្តែ ក្រុមរ​បស់​លោក Roberto Martinez នឹង​លេង​ដោយគ្មាន​តា​រាឆ្នើម Kevin De Bruyne ដែល​នៅ​តែ​មាន​របួស​នៅឡើយ ក្រោយពី​រង​ការ​បាក់​ឆ្អឹង​ច្រមុះ ក្នុង​ពេល​ឲ្យក្រុម Manchester City ក្នុង Champions League វគ្គ​​ផ្តាច់​ព្រ័ត្រ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia