បរទេស៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស និងហូឡង់ បានចាប់ផ្តើមយុទ្ធនាការប្រជែងពាន Euro 2020 របស់ពួកគេជាមួយនឹងជ័យជម្នះដូចគ្នា ខណៈដែលពួកគេបានផ្តួលក្រុមជម្រើសជាតិក្រូអាស៊ី ១-០ និងអ៊ុយក្រែន ៣-២ រៀងៗខ្លួនកាលពីថ្ងៃអាទិត្យ។
ស្របពេលជាមួយគ្នានេះ ក្រុមគ្រូពេទ្យរបស់ដាណឺម៉ាក បានបញ្ជាក់ថា តារាឆ្នើម Christian Eriksen បានជួបបញ្ហាគាំងបេះដូង និងបានដាច់ដង្ហើមទៅហើយ នៅមុនពេលត្រូវបានគេជួយឲ្យមានចលនាបេះដូងឡើងវិញ។ ខ្សែប្រយុទ្ធ Raheem Sterling បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អនាកីឡដ្ឋាន Wembley ខណៈដែលអង់គ្លេស បានទទួលជ័យជម្នះក្នុងការប្រកួតបើកឆាករបស់ខ្លួននៃព្រឹត្តិការណ៍កីឡាបាល់ទាត់ជើងឯកអឺរ៉ុប ជាលើកដំបូង ក្នុងចំណោមការប្រកួត១០លើក។ ប៉ុន្តែ ការចាប់អារម្មណ៍ផ្សេងៗនៅលើទីលានប្រកួត បានធ្លាក់ទៅលើហេតុការណ៍ដ៏រន្ធត់នៅកីឡដ្ឋាន Parken ក្នុងទីក្រុង Copenhagen រយៈពេល១ថ្ងៃមុននេះ។
តារាឆ្នើម Eriksen របស់ក្លិប Inter Milan បានដួលសន្លប់ភ្លាមៗ នៅនាទី ទី៤៣ អំឡុងពេលនៃការប្រកួតពូល B របស់ដាណឺម៉ាក ជាមួយនឹងហ្វាំងឡង់ ដោយបានដួលគ្មានកំរើកសោះ ខណៈដែលក្រុមគ្រូពេទ្យបានព្យាយាមធ្វើចលនាបេះដូងសង្គ្រោះបឋម ហើយអ្នកគាំទ្របានមើលដោយក្តីរន្ធត់។
លោក Morten Boesen សមាជិកក្រុមគ្រូពេទ្យដាណឺម៉ាក បានប្រាប់សន្និសីទសារព័ត៌មានថា៖ «រូបគេបានដាច់ខ្យល់ទៅហើយ ហើយយើងបានធ្វើចលនាបេះដូងឡើងវិញ ហើយនោះគឺជាបញ្ហាគាំងបេះដូងតែម្តង»៕
ប្រភពព័ត៌មាន៖ Channel News Asia