បរទេស៖ លោក Luis Enrique បាននិយាយចំៗថា ក្រុមជម្រើសជាតិអេស្ប៉ាញ «នឹងគ្មានលេសឡើយ» ក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ បើទោះបីការតេស្តរកវីរុសកូវីដ ១៩ បានធ្វើឲ្យការត្រៀមខ្លួនរបស់ពួកគេមានបញ្ហាសម្រាប់ការប្រកួតបើកឆាកនៃពូល E ជាមួយនឹងក្រុមជម្រើសជាតិស៊ុយអែត នៅរាត្រីនេះ ក៏ដោយ។
ខ្សែការពារ Sergio Busquets ប្រធានក្រុមនៃក្រុមជម្រើសជាតិអេស្ប៉ាញ នៅតែដាក់ខ្លួនឲ្យនៅដាច់ដោយឡែកក្នុងផ្ទះរបស់គេ ស្របពេលដែលខ្សែការពារ Diego Llorente ទើបតែត្រូវបានអនុញ្ញាតឲ្យចូលរួមជាមួយនឹងក្រុមវិញ កាលពីថ្ងៃសៅរ៍ ក្រោយពីបានទទួលលទ្ធផលអវិជ្ជមានចំនួន៤លើកជាប់ៗគ្នា។ ផែនការរបស់លោក Luis Enrique បានជួបភាពរង្គោះរង្គើរកាលីពសប្តាហ៍មុន ដោយសារតែក្រុមអេស្ប៉ាញ បានធ្វើការហ្វឹកហាត់ជាលក្ខខណៈឯកជន ហើយការប្រកួតមិត្តភាពចុងក្រោយរបស់ពួកគេជាមួយនឹងលីទុយអានី ត្រូវបានបញ្ជូនឲ្យក្រុមជម្រើសជាតិអាយុក្រោម២១ឆ្នាំ ជាអ្នករ៉ាប់រងជំនួសវិញ។ សមាជិកក្រុមទាំងអស់ត្រូវបានអនុញ្ញាតឲ្យជួបជុំគ្នាវិញ កាលពីថ្ងៃសៅរ៍ នៅលើទីលានហ្វឹកហាត់របស់គេនៅ Las Rozas ក្នុងទីក្រុងម៉ាឌ្រីដ ហើយកាលពីថ្ងៃអាទិត្យ ពួកគេបានហ្វឹកហាត់រួមគ្នានៅកីឡដ្ឋាន La Cartuja ក្នុងទីក្រុង Seville ដែលជាកន្លែងពួកគេត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិស៊ុយអែត។
លោក Luis Enrique បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យថា៖ «ប្រហែលជា១ឆ្នាំមុន ខ្ញុំបាននិយាយទៅកាន់កីឡាករ និងបានប្រាប់ពួកគេថា យើងនឹងមានផែនការលេងយ៉ាងច្បាស់លាស់។ ប៉ុន្តែ ពេលនេះ យើងត្រូវតែផ្លាស់ប្តូរបន្តិច។ ពិតណាស់ នេះគឺជាសប្តាហ៍ដ៏តានតឹង ប៉ុន្តែ គ្មានការតវ៉ា និងលេសអ្វីឡើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia