បរទេស៖ លោក Jaroslav Silhavy គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិសាធារណរដ្ឋឆែក កំពុងតែរំពឹងទុកពីការប្រកួតបើកឆាកដ៏ស្វិតស្វាញជាមួយនឹងក្រុមជម្រើសជាតិស្កុតឡេន ក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ ក្រោយពីបានអវត្តមានពេលក្រុមខ្លួនប៉ះជាមួយនឹងស្កុតឡេនដល់ទៅ២លើកកាលពីឆ្នាំមុន ដោយសារតែការផ្ទុះការឆ្លងរាតត្បាតនៃវីរុសកូវីដ ១៩។
អតីតខ្សែការពាររូបនេះ ដែលបានដឹកនាំក្រុមជម្រើសជាតិឆែក កាលពីខែកញ្ញា ឆ្នាំ២០១៨នោះ បានឲ្យដឹងថា៖ «ខ្ញុំបានឃើញការប្រកួតមុនៗតែលើកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះ»។ ក្នុងការប្រកួត Nations League កាលពីរដូវស្លឹកឈើជ្រុះ សាធារណរដ្ឋឆែក បានរងបរាជ័យក្នុងលទ្ធផល ២-១ លើទឹកដីខ្លួនឯង ក្រោមស្នាដៃក្រុមដែលទើបតែបានប្រមូលផ្តុំថ្មីៗ ក្រោយពីក្រុមឈុតធំរបស់ស្កុតឡេន បានធ្វើចត្តាលីស័ក ដោយសារតែបុគ្គលិក២នាក់ បានឆ្លងវីរុស។ រយៈពេល១ឆ្នាំក្រោយមក ឆែក បានបន្តរងបរាជ័យក្នុងលទ្ធផល ១-០ នាកីឡដ្ឋាន Hampden Park ខណៈដែលលោក Silhavy បានអវត្តមានដោយសារតែការឆ្លងវីរុសម្តងទៀត។
នៅមុនពេលការប្រកួតនៅកីឡដ្ឋាន Hampden នារាត្រីនេះ គ្រូបង្វឹកវ័យ៥៩ឆ្នាំរូបនេះ បានប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំជឿជាក់ថា យើងនឹងប្រើប្រាស់បទពិសោធនេះ ដើម្បីផ្តួលក្រុមជម្រើសជាតិស្កុតឡេន។ យើងហាក់ដូចជាភិតភ័យបន្តិច ប៉ុន្តែ ខ្ញុំគិតថា វាជារឿងធម្មតាចំពោះបញ្ហាដែលយើងជួបប្រទះ»៕
ប្រភពព័ត៌មាន៖ Channel News Asia