បរទេស៖ លោក Didier Deschamps បានបញ្ជាក់កាលពីថ្ងៃចន្ទថា ក្រុមម្ចាស់ជើងឯកពិភពលោកបារាំង មិនអាចមើលស្រាលក្រុមជម្រើសជាតិអាល្លឺម៉ង់ បានឡើយ ក្នុងការប្រកួតមួយក្នុងចំណោមជំនួបរវាងក្រុមខ្លាំងដូចគ្នានៅតំបន់អឺរ៉ុប នាព្រឹត្តិការណ៍ Euro ឆ្នាំ២០២០។
ក្រុមមាន់គក បារាំង និងក្រុមឥន្ទ្រីស្លាបដែកអាល្លឺម៉ង់ នឹងត្រូវបើកយុទ្ធនាការ Euro របស់ពួកគេ ក្នុងពូល F ក្នុងការប្រកួតដ៏រំភើបនាកីឡដ្ឋាន Allianz Arena ក្នុងទីក្រុង Munich នៅរាត្រីនេះ។ បារាំង ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ នៅលើតារាងចំណាត់ថ្នាក់របស់ FIFA ដោយនាំមុខ១០លេខលើក្រុមជម្រើសជាតិអាល្លឺម៉ង់ ហើយនិងត្រូវប្រកួតក្នុងនាមជាក្រុមមានក្តីសង្ឃឹមខ្ពស់ក្នុងការឈ្នះ ស្របពេលដែលក្រុមរបស់លោក Joachim Loew កំពុងតែស្ថិតក្រោមសម្ពាធក្នុងការបញ្ចប់ការធ្លាក់ចុះទម្រង់លេងរបស់ពួកគេ។ ការរងបរាជ័យក្នុងលទ្ធផល ៦-០ ក្រោមស្នាដៃក្រុមជម្រើសជាតិអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំមុន និងការរងបរាជ័យដ៏មិននឹកស្មានដល់លើទឹកដីខ្លួនឯង ក្រោមស្នាដៃក្រុមជម្រើសជាតិម៉ាសេដ្វានខាងជើង កាលពីដើមឆ្នាំនេះ បានធ្វើឲ្យប៉ះពាល់ដល់ការជឿជាក់របស់អាល្លឺម៉ង់ ក្រោយពីពួកគេបានធ្លាក់ចេញត្រឹមវគ្គចែកពូល ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨។
ប៉ុន្តែ កាលពីថ្ងៃចន្ទលោក Deschamps បាននិយាយពីឱកាសរបស់ក្រុមអាល្លឺម៉ង់ ដោយព្រមានថា ក្រុមឥន្ទី្រស្លាបដែកមួយនេះ កំពុងតែមានប្រៀបក្នុងការប្រកួត ដោយមិនចាំបាច់និយាយពីការគាំទ្ររបស់ពួកគេនៅកីឡដ្ឋានឡើយ។ លោក Deschamps បាននិយាយថា៖ «ពួកគេអាចធ្វើរឿងដ៏អស្ចារ្យនៅកីឡដ្ឋានទាំងមូល មិនថា តំបន់ប្រយុទ្ធ ឬតំបន់ការពារឡើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia