បរទេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានក្លាយជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេប្រចាំយុទ្ធនាការ Euro ក្រោយពីបានស៊ុតបាល់បញ្ចូលទី២គ្រាប់ ខណៈដែលក្រុមម្ចាស់ការពារជើងឯកព័រទុយហ្គាល់ បានចាប់ផ្តើមយុទ្ធនាការ Euro ឆ្នាំ២០២០របស់ពួកគេជាមួយនឹងជ័យជម្នះ កាលពីថ្ងៃអង្គារ តាមរយៈការផ្តួលក្រុមជម្រើសជាតិហុងគ្រីយ៉ាងចាស់ដៃក្នុងលទ្ធផល ៣-០ ក្នុងទីក្រុង Budapest។
ស្របពេលជាមួយគ្នានោះ ក្រុមម្ចាស់ជើងឯកពិភពលោកបារាំង បានផ្តួលក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងលទ្ធផល ១-០ ក្នុងទីក្រុង Munich។ Ronaldo រកបានគ្រាប់បាល់ទី១០ និងទី១១របស់គេ ក្នុងព្រឹត្តិការណ៍ជើងឯកអឺរ៉ុប ដើម្បីបំបែកកំណត់ត្រាកាលពីមុនដែលគ្រប់គ្រងដោយអតីតវីរបុរសបារាំង Michel Platini ដែលរកបានគ្រាប់បាល់សរុប៩គ្រាប់។
បន្ទាប់ពីការប្រកួត Ronaldo បានឲ្យដឹងថា៖ «ខ្ញុំពិតជាត្រូវអរគុណដល់ក្រុមនេះដែលបានជួយឲ្យខ្ញុំស៊ុតបាល់បញ្ចូលទី២គ្រាប់ និងជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំការប្រកួត»៕
ប្រភពព័ត៌មាន៖ Channel News Asia