បរទេស៖​ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ីតាលី បានក្លាយ​ជាក្រុម​ដំបូង​គេ​ដែល​ឈាន​ទៅ​ប្រកួតវគ្គ​បន្ទាប់​នៃ​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០២០ ខណៈ​ដែល​ខ្សែ​បម្រើ Manuel Locatelli បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ក្នុង​ពេលក្រុមខ្លួន​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ៣-០ លើ​ក្រុម​ជម្រើសជាតិ​ស្វ៊ីស ក្នុង​ទីក្រុង​រ៉ូម កាលពីថ្ងៃ​ពុធ​​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម​ជម្រើស​ជាតិ​វេលស៍ ក៏​បាន​ខិត​កាន់​តែកៀកក្នុង​ទៅវគ្គ​១៦​ក្រុម​ចុងក្រោយ​​ផង​ដែរ ក្រោយពី​បានផ្តួល​ក្រុម​ជម្រើស​ជាតិ​តួក​គី​ ខណៈ​រុស្ស៊ី បាន​រក្សា​ក្តីសង្ឃឹម​របស់​ខ្លួន តាមរយៈការ​​ផ្តួល​ហ្វាំង​ឡង់ ១-០​។ អ៊ី​តាលី ដែល​មាន​រហស្ស​នាម​ថា Azzurri បច្ចុប្បន្ន​មិន​ស្គាល់​ចាញ់សោះ​ពីការ​ប្រកួត​២៩​លើក និង​បាន​ឈ្នះ​ការ​ប្រកួត​១០​លើក​ចចុងក្រោយ​ជាប់​ៗ​គ្នា ដោយមិន​របូត​គ្រាប់បាល់​សូម្បី​តែ​១​គ្រាប់ ហើយ​ពួកគេ​កំពុង​តែ​ឈរ​លេខ​១ក្នុងពូល A និង​មាន​សុវត្ថិភាព​រួចជាស្រេចក្នុងការ​ឈាន​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ លោក Roberto Mancini គ្រូបង្វឹក​របស់ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី បាន​ប្រាប់​ទូរ​ទស្សន៍ RAI ថា៖ «យើង​លេង​បានយ៉ាងល្អ យើង​ចង់​ឈ្នះ​រាល់​ការ​ប្រកួត​ទាំង​អស់​។ ពួកគេ​បាន​ចាប់ផ្តើម​យ៉ាងល្អ ហើយ​វា​មិនងាយស្រួល​ឡើយក្នុងការ​ឈ្នះ​ការ​ប្រកួត​ទី​២ក្នុង​រយៈពេល​៥​ថ្ងៃ​នោះ​»​។

ក្រុម​របស់​លោក Mancini ដែលកំពុង​សម្លឹង​រក​ការ​ឈ្នះ​ពាន​ទ្វីប​ជាលើក​ទី​២​របស់​ខ្លួន ក្រោយពី​បាន​ឈ្នះ​ជាលើក​ដំបូង​ក្នុងឆ្នាំ​១៩៦៨​នោះ នឹង​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួលក្រុម​វេលស៍ ក្នុង​ការ​ប្រកួត​ចុងក្រោយ​ក្នុង​ពូល នៅថ្ងៃ​អាទិត្យ ដើម្បី​ប្រជែង​យកកៅអីលេខ​១​៕

ប្រភព​ព័ត៌មាន៖ Channel News Asia