បរទេស៖ បើ​ទោះ​បី​ក្រុម​បាល់ទាត់ជម្រើស​ជាតិ​ហូឡង់ កំពុង​តែ​ស្ថិត​ក្នុង​ប្រធាន​បទនៃ​ការ​ពិភាក្សា​មួយ​ទៅលើ​រូបមន្ត​ប្រកួត​ដែលក្រុម​​ជម្រើស​ជាតិមួយ​នេះ គួរ​តែ​លេង​ក្នុង​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០២០​ ក៏ដោយ ប៉ុន្តែ ក្រុមរបស់លោក Frank de Boer កំពុង​តែ​ស្ថិត​លើផ្លូវ​ឆ្ពោះ​ទៅកាន់​វគ្គ​១៦​ក្រុមរួច​ជាស្រេច សម្រាប់ការ​វិល​ត្រឡប់​ទៅកាន់​យុទ្ធ​នា​ការ​ដ៏ធំ​មួយ​របស់​ពួក​គេ​​។

ក្រុម​ជម្រើស​ជាតិ​ហូឡង់ និង​ឈុត​អាវ​ពណ៌​ទឹកក្រូច​របស់​ពួក​គេ បាន​អវត្ត​មាន​ពី​យុទ្ធ​នា​ការ​បែប​នេះ អស់​រយៈ​ពេល​៧​ឆ្នាំ​មកហើយ បើ​គិត​ចាប់​តាំងពី​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០១៤ ប៉ុន្តែ ពួក​គេ​បាន​​អប​អរ​ការ​វិល​ត្រឡប់​របស់ពួក​គេ ជាមួយ​នឹង​ជ័យជម្នះក្នុងលទ្ធ​ផល ៣-២ លើក្រុម​ជម្រើស​ជាតិ​អ៊ុយក្រែន ក្នុង​ទីក្រុង Amsterdam កាលពី​ចុងសប្តាហ៍​មុន​។ នៅ​ពីមុខ​អ្នក​គាំទ្រ​ជិត​១៦០០០នាក់ ដែល​ក្នុងនោះ​ក៏មាន​វត្តមាន​ព្រះ​អង្គ​ម្ចាស់ Willem-Alexander និង​ម្ចាស់​ក្សត្រី​ Maxima ដែរនោះ ក្រុម​របស់លោក De Boer បាន​ដណ្តើម​បាន​ជ័យ​ជម្នះ​យ៉ាង​កក់ក្តៅ តារយៈ​គ្រាប់បាល់​បញ្ចូល​ទី​របស់​ខ្សែ​ការ​ពារ​ស្លាប Denzel Dumfries នៅ​ជិត​បញ្ចប់​ការ​ប្រកួត​។

នេះ​គឺ​ជា​ជ័យ​ជម្នះ​ជាលើក​ទី​១​របស់​ពួកគេ ក្នុង​ព្រឹត្តិ​ការណ៍ Euro បើ​គិត​​ចាប់​តាំងពីឆ្នាំ​២០០៨ ហើយ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះមួយ​ផ្សេង​ទៀតលើ​ក្រុមជម្រើស​ជាតិ​អូ​ទ្រីស នា​​កីឡដ្ឋាន Johan Cruyff Arena ក្នុង​ពូល C នៅ​រាត្រីនេះ នឹង​​ជួយ​ឲ្យ​ពួកគេ​ឈ្នះ​កៅអី​ទៅ​វគ្គ​បន្ត​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia