បរទេស៖ លោក Kasper Hjulmand គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិដាណឺម៉ាក បាននិយាយកាលពីថ្ងៃពុធថា លោកកំពុងតែត្រៀមធ្វើការវិលត្រឡប់ទាំងរំជួលចិត្តទៅកាន់កីឡដ្ឋាន Parken ក្នុងទីក្រុង Copenhagen ដើម្បីប៉ះជាមួយនឹងជើងខ្លាំងបែលហ្ស៊ិក ក្រោយពីហេតុការណ៍ដ៏រន្ធត់ជុំវិញការដួលសន្លប់របស់ខ្សែបម្រើ Christian Eriksen។
តារាឆ្នើម Eriksen ត្រូវតែទទួលការសង្គ្រោះភ្លាមៗនៅលើទីលាន Parken ដោយក្រុមគ្រូពេទ្យ ក្រោយពីដួលភ្លាមៗទៅលើទីលានប្រកួត នៅជិតបញ្ចប់តង់ទី១ មុននឹងក្រុមជម្រើសជាតិដាណឺម៉ាក បានរងបរាជ័យក្នុងលទ្ធផល ១-០ ក្រោមស្នាដៃក្រុមជម្រើសជាតិហ្វាំងឡង់ កាលពីថ្ងៃសៅរ៍។ នៅរាត្រីនេះ ពួកគេនឹងត្រូវប៉ះក្រុមកំពុងនាំមុខក្នុងពូល B បែលហ្ស៊ិក ដោយសង្ឃឹមថា នឹងធ្វើឲ្យយុទ្ធនាការ Euro ឆ្នាំ២០២០ វិលទៅកាន់ភាពល្អប្រសើរវិញ ស្របពេលដែលលោក Hjulmand ជឿជាក់ថា នឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញ។ លោក Hjulmand បានប្រាប់សន្និសីទសារព័ត៌មានថា៖ «វានឹងបង្កើតឲ្យមានការរំជួលចិត្តក្នុងការវិលទៅកាន់ Parken ហើយយើងរំពឹងទុកថា នឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីអ្នកគាំទ្ររបស់យើង និងពីប្រទេសទាំងមូល»។
គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «យើងត្រូវតែត្រៀមខ្លួនឲ្យបានរួចរាល់ និងប្រើប្រាស់ថាមពលរបស់យើងក្នុងមធ្យោបាយវិជ្ជមាន។ អ្វីដែលគួរឲ្យរំភើបនគឺថា មន្ទីរពេទ្យដែល Christian កំពុងតែសម្រាកព្យាបាល នៅមិនឆ្ងាយពីកីឡដ្ឋាននេះឡើយ។ រូបគេអាចមើលឃើញកីឡដ្ឋាន និងរូបគេក៏អាចស្តាប់ឮសំឡេងពីអ្វីដែលកើតឡើងផងដែរ»៕
ប្រភពព័ត៌មាន៖ Channel News Asia