បរទេស៖ ក្រុមជម្រើសជាតិវេលស៍ បានអបអរការឈានទៅវគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Euro 2020 បើទោះបីបានរងបរាជ័យក្រោមស្នាដៃក្រុមជម្រើសជាតិអ៊ីតាលី ក្នុងលទ្ធផល ១-០ ក្នុងទីក្រុងរ៉ូម កាលពីថ្ងៃអាទិត្យក៏ដោយ ស្របពេលដែលក្រុមជម្រើសជាតិស្វ៊ីស ត្រូវតែរង់ចាំបន្តិចសិនមុននឹងដឹងថា ពួកគេត្រូវធ្លាក់ចេញ ឬក៏ត្រូវឈានទៅវគ្គបន្ត។
ខ្សែប្រយុទ្ធ Gareth Bale និងមិត្តរួមក្រុមនៃក្រុមជម្រើសជាតិវេលស៍របស់គេ បានរងបរាជ័យក្រោមស្នាដៃក្រុមខ្លាំងអ៊ីតាលី នាកីឡដ្ឋាន Stadio Olimpico ស្របពេលដែលកីឡាករ Matteo Pessina គឺជាអ្នករកបានគ្រាប់បាល់តែ១គ្រាប់នោះ។ ក្រុមជម្រើសជាតិវេលស៍ បានបាត់បង់កីឡាករ Ethan Ampadu ដោយសារតែការរងពិន័យកាតក្រហម និងមិនអាចរកគ្រាប់បាល់តាមស្មើវិញបានឡើយ ប៉ុន្តែ លទ្ធផលនេះ គ្រប់គ្រាន់សម្រាប់ពួកគេក្នុងការឈ្នះកៅអីទៅវគ្គបន្ត ក្នុងពូល A ដោយសារតែមានគ្រាប់បាល់ច្រើនជាងក្រុមស្វ៊ីស ដែលបានផ្តួលក្រុមជម្រើសជាតិតួកគីក្នុងលទ្ធផល ៣-១ ក្នុងទីក្រុង Baku ប្រទេសអាស៊ែបៃហ្សង់។ Bale បានប្រាប់ទូរទស្សន៍ចក្រភពអង់គ្លេស ITV ថា៖ «យើងចង់ទទួលបានលទ្ធផលមួយ ប៉ុន្តែ រឿងដ៏សំខាន់បំផុតនោះគឺថា យើងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២»។
ក្រុមជ្រើសជាតិវេលស៍ បានបញ្ចប់ដោយមានពិន្ទុស្មើជាមួយនឹងក្រុមជម្រើសជាតិស្វ៊ីស ប៉ុន្តែ នាំមុខដោយសារតែមានគ្រាប់បាល់ច្រើនជាង។ យ៉ាងណាក៏ដោយ ស្វ៊ីស មិនទាន់ធ្លាក់ចេញទេ ដោយរង់ចាំអ៊ុតថា ពួកគេអាចឈានទៅវគ្គបន្តក្នុងនាមជាក្រុមលេខ៣ល្អ ក្នុងចំណោមក្រុមលេខ៣ល្អទាំង៤ ឬអត់៕
ប្រភពព័ត៌មាន៖ Channel News Asia
 
                

