បរទេស៖ លោក Gareth Southgate បានបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស អាចជម្នះលើការឈឺចាប់របស់ពួកគេដែលកំពុងតែកើនឡើង ស្របពេលដែលក្រុមប្រជុំដោយកីឡាករវ័យក្មេងរបស់លោកសម្លឹងរកការធ្វើឲ្យយុទ្ធនាការ Euro ឆ្នាំ២០២០របស់ពួកគេ វិលទៅរកភាពល្អប្រសើរវិញ តាមរយៈការយកឈ្នះលើក្រុមជម្រើសជាតិសាធារណរដ្ឋឆែក ក្នុងការប្រកួតពូល D នៅរាត្រីនេះ។
ក្រុមជម្រើសជាតិអង់គ្លេស មានពិន្ទុ៤ពិន្ទុស្មើគ្នាជាមួយនឹងក្រុមជម្រើសជាតិឆែក ហើយនិងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ក្នុងពូល ប្រសិនបើពួកគេទទួលជ័យជម្នះក្នុងការប្រកួតក្នុងពូលចុងក្រោយរបស់ពួកគេ។ ការដណ្តើមបានជ័យជម្នះនាកីឡដ្ឋាន Wembley ពិតជាសំខាន់ណាស់សម្រាប់អង់គ្លេស ក្នុងការលុបចោលភាពស្រពេចស្រពិលក្នុងក្រុមរបស់ពួកគេ ក្រោយពីពួកគេបានរងនូវការស្រែចចំអកឲ្យ បន្ទាប់ពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុមជម្រើសជាតិស្កុតឡេន កាលពីថ្ងៃសុក្រ។ ជាមួយនឹងការមានអាយុជាមធ្យម២៥ឆ្នាំ និង៣១ថ្ងៃ ក្រុមកីឡាករជម្រើសទាំង១១នាក់ដំបូងរបស់អង់គ្លេស ពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិស្កុតឡេន គឺជាក្រុមមានវ័យក្មេងបំផុតដែលអង់គ្លេសបានប្រើប្រាស់លើទីលានប្រកួតក្នុងយុទ្ធនាការដ៏សំខាន់មួយ។
តារាឆ្នើម Mason Mount និង Reece James របស់ក្លិប Chelsea និងខ្សែប្រយុទ្ធ Phil Foden របស់ក្លិប Chelsea បានឈ្នះពានជាច្រើនជាមួយនឹងក្លិបរបស់ពួកគេ ស្របពេលដែល Declan Rice និង Kalvin Phillips ក៏បានទទួលការកោតសរសើរក្នុងក្របខ័ណ្ឌ Premier League ផងដែរ។ លោក Southgate បានឲ្យដឹងថា៖ «យើងចង់ធ្វើឲ្យបានល្អប្រសើរ ហើយនោះគឺជាអ្វីដែលយើងនឹងធ្វើក្នុងរយៈពេល២ ទៅ៣ថ្ងៃខាងមុខទៀត នៅមុនពេលយើងប្រកួតជាមួយនឹងឆែក។ ខ្ញុំសង្ឃឹមថា យើងនឹងធ្វើបានល្អជាងមុន»៕
ប្រភពព័ត៌មាន៖ Channel News Asia
 
                

