បរទេស៖ លោក Zlatko Dalic អ្នកចាត់ការទូទៅរបស់ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាស៊ី ជឿជាក់ថា ក្រុមរបស់លោក រងនូវភាពអយុវត្តិធម៌ ជុំវិញការអនុវត្តច្បាប់គ្រប់គ្រងកូវីដ ៩ ក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ នៅមុនពេលការប្រកួតដ៏សំខាន់របស់ពួកគេជាមួយនឹងក្រុមជម្រើសជាតិស្កុតឡេន នៅរាត្រីនេះ។
ប្រធានកីឡាបាល់ទាត់ស្កុតឡេន បានប្រកាសកាលពីថ្ងៃចន្ទថា ខ្សែបម្រើ Billy Gilmour បានតស្តឃើញលទ្ធផលវិជ្ជមានលើវីរុសកូវីដ ១៩ ប៉ុន្តែ មិនមានកីឡាកររូបណាផ្សេងទៀតត្រូវបានបង្ខំឲ្យដាក់ខ្លួនឲ្យនៅដាច់ដោយឡែកឡើយ។ ក្រុមជម្រើសជាតិក្រូអាស៊ី បានគ្រោងដាក់ទីតាំងហ្វឹកហាត់របស់ខ្លួននៅ St Andrews ដែលជាកោះភាគខាងកើតប្រទេសស្កុតឡេន សម្រាប់ការប្រកួតវគ្គចែកពូល ដោយសារតែពួកគេត្រូវប្រកួត២លើកនៅទីក្រុង Glasgow ក្រោយពីការប្រកួតបើកឆាកនៅកីឡដ្ឋាន Wembley ដែលជាកន្លែងពួកគេបានរងបរាជ័យក្នុងលទ្ធផល ១-០។ ទោះបីជាយ៉ាងណា ពួកគេត្រូវបានបង្ខំឲ្យធ្វើការផ្លាស់ប្តូរផែនការវិញ ព្រោះច្បាប់គ្រប់គ្រងអ្នកប៉ះពាល់អ្នកឆ្លងកូវីដរបស់រដ្ឋាភិបាលស្កុតឡេន តម្រូវឲ្យកីឡាករជាច្រើនត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ដោយសារតែករណីឆ្លងកូវីដ ១៩ក្នុងក្រុមរបស់ពួកគេ។
ប៉ុន្តែ ក្រុមជម្រើសជាតិស្កុតឡេន មិនបានរងផលប៉ះពាល់ដោយសារតែច្បាប់ទាំងនោះឡើយ ដោយសារតែករណីឆ្លងរបស់ Gilmour ត្រូវបានរកឃើញនៅជំរំហ្វឹកហាត់របស់ពួកគេនៅ Middlesbrough ភាគខាងជើងអង់គ្លេស ដែលការអនុវត្តវិធីសារនានា មានភាពខុសគ្នា៕
ប្រភពព័ត៌មាន៖ Channel News Asia
 
                

