បរទេស៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ដណ្តើមបានលេខ១ក្នុងពូល D នាព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ ក្រោយពីបានយកឈ្នះក្នុងលទ្ធផល ១-០ លើក្រុមជម្រើសជាតិសាធារណរដ្ឋឆែក ស្របពេលដែលគ្រាប់បាល់បញ្ចូលទីយ៉ាងល្អរបស់ Luka Modric ក៏បានជួយឲ្យក្រូអាស៊ី ទៅវគ្គ១៦ក្រុមចុងក្រោយផងដែរ ក្រោយពីជ័យជម្នះ ៣-១ របស់ពួកគេ បានទម្លាក់ក្រុមជម្រើសជាតិស្កុតឡេន កាលពីថ្ងៃអង្គារ។
ក្រោយពីមានសុវត្ថិភាពរួចជាស្រេចក្នុងការឈ្នះកៅអីទៅវគ្គ១៦ក្រុមចុងក្រោយ អង់គ្លេស បានធ្វើឲ្យប្រាកដប្រជាថា ការប្រកួតវគ្គបន្ទាប់ នឹងត្រូវលេងនៅពីមុខអ្នកគាំទ្ររបស់ខ្លួន នាកីឡដ្ឋាន Wembley ក្រោយពី Raheem Sterling បានរកគ្រាប់បាល់ឈ្នះនៅតង់ទី១ ក្នុងពេលប្រកួតជាមួយនឹងឆែក។
អង់គ្លេស នឹងត្រូវប៉ះជាមួយនឹងក្រុមលេខ២ក្នុងពូល F នាថ្ងៃទី២៩ ខែមិថុនា ខណៈដែលក្រុមជម្រើសជាតិបារាំង អាល្លឺម៉ង់ ព័រទុយហ្គាល់ ឬហុងគ្រី សុទ្ធសឹងជាគូប្រកួតដែលពួកគេអាចនឹងជួប។ ស្របពេលជាមួយនេះ UEFA បានបដិសេធនឹងសំណើរបស់អាជ្ញាធរក្រុង Munich ក្នុងការបើកភ្លើងឥន្ធនូរនៅកីឡដ្ឋាន Allianz Arena សម្រាប់ការប្រកួតរវាងក្រុមជម្រើសជាតិអាល្លឺម៉ង់ និងហុងគ្រី នៅរាត្រីនេះ។
ក្រូអាស៊ី បានឡើងឈរពីលើក្រុមជម្រើសជាតិឆែក ក្នុងចំណាត់ថ្នាក់លេខ២ ក្រោយពីបានបង្ហាញពីទម្រង់លេងយ៉ាងល្អក្នុងទីក្រុង Glasgow ស្របពេលដែល Modric បានរកគ្រាប់បាល់បញ្ចូលទីយ៉ាងល្អ៕
ប្រភពព័ត៌មាន៖ Channel News Asia
 
                


