បរទេស៖ ក្រុមបាល់ទាត់ជម្រើសជាតិបារាំង កំពុងតែស្រេកឃ្លានក្នុងការប្រើប្រាស់ការប្រកួតចុងក្រោយរបស់ពួកគេក្នុងពូល F ជាមួយនឹងក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងទីក្រុង Budapest នៅរាត្រីនេះ ដើម្បីបង្កើនការជឿជាក់របស់ខ្លួន នៅមុនពេលពួកគេឈានទៅវគ្គ១៦ក្រុមចុងក្រោយនៃយុទ្ធនាការ Euro។ នេះបើយោងទៅតាមការបញ្ជាក់របស់អ្នកចាំទី Hugo Lloris។
បារាំង ដែលបានរងបរាជ័យក្រោមស្នាដៃក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុង Euro ឆ្នាំ២០១៦ វគ្គផ្តាច់ព្រ័ត្រនោះ មានសុវត្ថិភាពក្នុងការឈានទៅវគ្គ១៦ក្រុមរួចជាស្រេច ហើយនិងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ក្នុងពូល ប្រសិនបើពួកគេឈ្នះ ឬប្រសិនបើពួកគេស្មើ ហើយអាល្លឺម៉ង់ មិនអាចផ្តួលក្រុមជម្រើសជាតិហុងគ្រី ក្នុងការប្រកួតមួយផ្សេងទៀតនៅរាត្រីនេះ។ នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត Lloris ដែលជាប្រធានក្ករុម បានបញ្ជាក់ថា ក្រុមរបស់គេ កំពុងតែផ្តោតលើការបង្ហាញពីទម្រង់លេងឲ្យបានរឹងមាំ ពេលប៉ះជាមួយនឹងក្រុមជម្រើសជាតិព័រទុយហ្គាល់ មុននឹងឈានទៅវគ្គបន្ត។
អ្នកចាំទីរូបនេះបានឲ្យដឹងថា៖«យើងមិនអាចវិភាគលើកិច្ចខិតខំប្រឹងប្រែងរបស់យើង និងលទ្ធផលដែលនឹងកើតឡើងឡើយ។ ខ្ញុំគិតថា គោលបំណងគឺការលេងការប្រកួតនេះ ដើម្បីឈ្នះ និងដើម្បីរក្សាសន្ទុះដ៏ល្អក៏ដូចជាបន្តបង្កើតការជឿជាក់ សម្រាប់យុទ្ធនាការថ្មីដែលនឹងចាប់ផ្តើមក្នុងវគ្គ១៦ក្រុមចុងក្រោយ»៕
ប្រភពព័ត៌មាន៖ Channel News Asia
 
                

