គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅតែពន្លឿន និងផ្តោតខ្លាំង ទៅលើវឌ្ឍនភាពការងាររបស់ខ្លួន ហើយកាលពីថ្ងៃអង្គារ ម្សិលមិញ CAMSOC បានបើកកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីធ្វើការពិនិត្យ និងសម្រេច ទៅលើការរៀបចំពិធីទទួលទង់ស៊ីហ្គេម លើកទី៣១ ពីម្ចាស់ផ្ទះវៀតណាម បើទោះបីជា គម្រោងធ្វើម្ចាស់ផ្ទះរបស់ប្រទេសវៀតណាម នៅមិនទាន់ដាច់ស្រេច ថាត្រូវ ពន្យារពេល ឬបោះបង់សិទ្ធិធ្វើម្ចាស់ផ្ទះ ដោយសារបញ្ហាជំងឺកូវីដ១៩ ក៏ដោយ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានថ្លែងប្រាប់អ្នកយកព័ត៌មាន នៅក្រោយកិច្ចប្រជុំថា៖ «កិច្ចប្រជុំ ក្រោមវត្តមានរបស់ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC នៅថ្ងៃនេះ គឺបានពន្លឿនកិច្ចការ ដោយផ្តោតលើការរៀបចំបង្ហាញទស្សនីយភាពជាង១០នាទី នៅពេលកម្ពុជារៀបចំពិធីទទួលទង់ស៊ីហ្គេម»។
លោកបញ្ជាក់ថា៖ «នៅក្នុងជាង១០នាទីនេះ យើងផ្តោតទៅលើការបង្ហាញពីសក្តានុពលកីឡាលក្ខណៈបុរាណដ៏ចំណាស់របស់កម្ពុជា និងបច្ចុប្បន្ន, ទស្សនីយភាពវប្បធម៌ ដែលរំលេចដោយភ័ស្តុតាងគុនល្បុក្កតោ និងប្រភេទកីឡាមួយចំនួនទៀត ដែលបានបន្សល់ទុក នៅប្រាសាទបុរាណខ្មែរ និងបង្ហាញពីទស្សនីយភាពសកម្មភាពទេសចរណ៍ ក្នុងនោះមានទេសចរណ៍ធម្មជាតិ ទេសចរណ៍ប្រវត្តិសាស្ត្រ និងផលិតផលសម្មភាពកីឡានាំឱ្យទាក់ទាញទេសចរណ៍»។
អ្នកជំនាញកីឡារូបនេះ បានបង្ហើបថា ការបង្ហាញទស្សនិយភាពសំខាន់ទាំង៣ផ្នែកនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និង CAMSOC សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំកសាងឯកសារជាប្រវត្តិសាស្ត្រ ក្នុងលក្ខណៈសម្រិតសម្រាំង មានខ្លឹមសារល្អ ដោយមិនទាន់គិតដល់បញ្ហាប្រទេសវៀតណាមពន្យារពេល ឬបោះបង់ការធ្វើម្ចាស់ផ្ទះស៊ីហ្គេម នោះឡើយ។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «គម្រោងកម្មវិធីសកម្មភាពរបស់ CAMSOC នៅតែជំរុញ និងពន្លឿនជានិច្ច ទោះបីពេលវេលា ស៊ីហ្គេម លើកទី៣១ នៅវៀតណាម ចុងឆ្នាំ២០២១នេះ ត្រូវបានពន្យារពេល ឬវៀតណាមបោះបង់់ធ្វើម្ចាស់ផ្ទះ ដោយហេតុផលកូវីដ១៩ ក៏ដោយ គឺកម្ពុជា នៅតែបន្តបំពេញការងារនេះ ឱ្យទាន់ពេលវេលាដែរ»។
តាមអ្នកជំនាញផ្នែកកីឡារបស់ CAMSOC លោក វ៉ាត់ ចំរើន បានឱ្យដឹងថា គម្រោងធ្វើម្ចាស់ផ្ទះរបស់ប្រទេសវៀតណាម នៅមិនទាន់ដាច់ស្រេច ក្នុងការពន្យាពេល ឬបោះបង់សិទ្ធិធ្វើម្ចាស់ផ្ទះ ដោយសារបញ្ហាជំងឺកូវីដ១៩ នៅឡើយទេ គឺនឹងត្រូវឆ្លងកិច្ចប្រជុំសមាជិកគណៈកម្មាធិការជាតិអូឡាំពិករបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះសិន ប៉ុន្តែបើក្នុងករណីមានអ្វីប្រែប្រួលនោះ តាមគោលការណ៍ កម្ពុជាអាចនឹងធ្វើពិធីទទួលទង់ស៊ីហ្គេមនេះ ពីប្រទេសហ្វីលីពីន វិញ ដែលជាអតីតម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩៕