បរទេស៖ តា​រាឆ្នើម Gareth Bale និង​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​វេលស៍ ប្រហែល​ជា​​ក្រុម​ខ្លាំង​លាក់មុខ អំឡុង​ពេល​ពួកគេ​ឈាន​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រនៃ​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០១៦ ប៉ុន្តែ ស្រ​បពេល​ដែល​ពួកគេ​កំពុង​ត្រៀម​ជួប​ក្រុម​ជម្រើស​ជាតិ​ដា​ណឺម៉ាក ក្នុង​វគ្គ​១៦​ក្រុម ក្នុង​ Euro ឆ្នាំ​២០២០ ក្នុង​ទីក្រុង Amsterdam នៅ​ថ្ងៃ​សៅរ៍ ការ​មាន​ប្រៀបនានា​គួរ​តែ​ធ្លាក់ទៅលើ​គូ​ប្រកួត​របស់ពួកគេ​។

ដា​ណឺ​ម៉ាក បាន​ឈ្នះ​កៅ​អី​ទៅ​កាន់​វគ្គ​នេះ ក្រោយពី​បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​២ ក្នុងពូល​របស់​ពួកគេ បើ​ទោះ​បី​ជួប​ការ​រំជួល​ចិត្ត​ដោយ​សារ​តែ​បញ្ហា​គាំង​បេះ​ដូង​របស់​តារាឆ្នើម Christian Eriksen អំឡុង​ពេលនៃការ​ប្រកួត​បើក​ឆាក ជាមួយនឹង​ហ្វាំង​ឡង់ក្នុង​ទីក្រុង Copenhagen ក៏ដោយ​។ ក្រោយពី​ទិដ្ឋ​ភាព​នៃការ​ធ្វើ​ចល​នា​ដង្ហើមនៅលើទីលាន ក្រុម​របស់​លោក Kasper Hjulmand បាន​រង​បរា​ជ័យ ១-០ ហើយ​បន្ទាប់​មក​ ចាញ់​បែលហ្ស៊ិក ២-១ ប៉ុន្តែ ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​លើ​ក្រុម​រុស្ស៊ី ៤-១ គ្រប់គ្រាន់​សម្រាប់​ពួកគេក្នុងការ​ទៅវគ្គ​បន្ត​។

ដោយឡែក ក្រុម​ជម្រើស​ជាតិ​វេលស៍ បានប​ញ្ចប់​ក្នុង​ចំណាត់ថ្នាក់លេខ២ ដោយមាន​៤ពិន្ទុ ក្រោយពី​បាន​បញ្ចប់​ក្នុងលទ្ធផល​ស្មើ ១-១ ជាមួយនឹង​ក្រុម​ស្វ៊ីស នៅ​ថ្ងៃ​បើកឆាក មុន​នឹង​យកឈ្នះ​លើ​ក្រុមតួកគី ២-០ ប៉ុន្តែ ចាញ់ក្រុមជម្រើស​ជាតិអ៊ីតាលី ១-០ ក្នុង​ការ​ប្រកួត​ចុងក្រោយ​។ នៅ​ពេល​ដែលក្រុម​ទាំង​២ បាន​ជួប​គ្នា​២លើក ក្នុងការ​ប្រកួត​ពាន National League កាលពី​ចុងឆ្នាំ​២០១៨ ក្រុម​ជម្រើស​ជាតិ​ដា​ណឺ​ម៉ាក បាន​ឈ្នះ​ទាំង​២លើក ក្នុងនោះ​រាប់​បញ្ចូល​ទាំង​ការយកឈ្នះ​ ២-០ លើ​ទឹកដីខ្លួន​ឯង​ផងដែរ ដោយ Eriksen បាន​ស៊ុត​បាល់បញ្ចូល​ទី​២​គ្រាប់​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia