បរទេស៖ កីឡាករ Tomas Holes និង Patrik Schick បាន​​ស៊ុត​បាល់បញ្ចូល​ទី​ដូចគ្នានៅ​ក្នុង​តង់​ទី​២ ដើម្បី​ជួយ​ឲ្យ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិសា​ធារណរដ្ឋ​ឆែក ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ Euro 2020 ខណៈ​ដែលពួក​គេ​បាន​ដណ្តើម​យក​ប្រៀប​ទៅលើ​​រង​ពិន័យកាត​ក្រហម​របស់ហូឡង់ ដើម្បី​បង្កើត​ការ​ភ្ញាក់​ផ្អើល និង​ទទួល​ជ័យ​ជម្នះក្នុងលទ្ធ​ផល ២-០ ក្នុង​ទីក្រុង Budapest កាលពីថ្ងៃ​អាទិត្យ​។

នេះ​គឺ​ជាលទ្ធផល​ដ៏ខក​ចិត្ត​មួយ​សម្រាប់ហូ​ឡង់ ដែល​មានភាពទន់​ខ្សោយ ក្រោយពី​ខ្សែ​ការ​ពារ Matthijs de Ligt បាន​រង​ពិន័យកាត​ក្រហម សម្រាប់​ការ​យក​ដៃប៉ះ​បាល់នៅ​នាទី ទី​១០​ក្នុង​តង់​ទី​២​​។ ខ្សែ​ការ​ពារ Holes បាន​ឲ្យដឹង​ថា៖ «ហូឡង់ ជាក្រុមមានក្តី​សង្ឃឹម​ខ្ពស់ក្នុងការ​ឈ្នះ​​ការ​ប្រកួតនេះ​។ ពិតណាស់ យើង​ស្ទើរ​តែ​មិន​ជឿ​ខ្លួន​ឯង ក្រោយពី​បានផ្តួល​ក្នុងលទ្ធផល ២-០ បែបនេះ​»​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ De Ligt បាន​ប្រាប់​ទូរទស្សន៍​ហូ​ឡង់​ថា៖​ «យើង​បាន​​ចាញ់​ការ​ប្រកួត​នេះ ដោយសារ​តែ​ទង្វើ​របស់ខ្ញុំ​។ យើង​បាន​គ្រប់គ្រង​ការ​ប្រកួតនៅមុន​ពេល​នោះ ហើយ​ខ្ញុំ​គិត​ថា ខ្ញុំ​ជា​អ្នក​ទទួល​ខុស​ត្រូវ»​។ ក្រុម​ជម្រើស​ជាតិ​ឆែក បច្ចុប្បន្ន នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួបក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ ក្នុង​ទីក្រុង Baku នៅ​ថ្ងៃ​សៅរ៍ សប្តាហ៍នេះ​៕

ប្រភព​ព័ត៌មាន៖ Channel News Asia