បរទេស៖ ក្រុមបាល់ទាត់ជម្រើសជាតិស្វ៊ិស បានផ្តួលក្រុមម្ចាស់ជើងឯកពិភពលោកបារាំង ដោយការស៊ុតបាល់ប៉េណាល់ទីក្នុងលទ្ធផល ៥-៤ ក្នុងវគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ កាលពីថ្ងៃចន្ទ ស្របពេលដែលខ្សែប្រយុទ្ធ Kylian Mbappe បានស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីមិនចូលទី ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ៣-៣ ក្នុងទីក្រុង Bucharest។
Mario Gavranovic បានរកគ្រាប់បាល់តាមស្មើ នៅនាទី ទី៩០ ខណៈដែលក្រុមជម្រើសជាតិស្វ៊ីស បានវាយបកតាមពីក្រោយ២គ្រាប់ នៅមុនពេលអ្នកចាំទី Yann Sommer បានសង្គ្រោះបាល់ប៉េណាល់ទីរបស់ Mbappe ដើម្បីជួយឲ្យក្រុមជម្រើសជាតិស្វ៊ីស ឈានទៅប្រកួតជាមួយនឹងអេស្ប៉ាញ ក្នុងវគ្គ៨ក្រុមចុងក្រោយ។ អ្នកចាំទី Sommer បានឲ្យដឹងថា៖ «វាបានក្លាយជាការប្រកួតដ៏រំភើបមួយ។ ខ្ញុំពិតជាមានមោទនភាពចំពោះក្រុមខ្ញុំណាស់។ ក្នុងពេលដេញតាមពីក្រោយ ៣-១ គ្មាននរណាជឿលើយើងទៀតឡើយ ប៉ុន្តែ នៅមុនពេលការប្រកួត យើងបាននិយាយថា យើងនឹងប្រយុទ្ធរហូតដល់ទីបំផុត មិនថា មានអ្វីកើតឡើងក៏ដោយ»។
ស្វ៊ីស បានស៊ុតបាល់ប៉េណាល់ទីទាំង៥គ្រាប់ចូលទីទាំងអស់ នៅមុនពេល Sommer បានលោតសង្គ្រោះបាល់ពីការស៊ុតរបស់ Mbappe ខណៈដែលស្វ៊ីស បានឈ្នះក្នុងវគ្គចាញ់ធ្លាក់ជាលើកទី១ ក្នុងរយៈពេល៨៣ឆ្នាំ៕
ប្រភពព័ត៌មាន៖ Channel News Asia