បរទេស៖ ខ្សែការពារ Sergio Busquets បានបញ្ជាក់ថា រូបគេមិនខ្វល់ថា ក្រុមណាដែលក្រុមជម្រើសជាតិអេស្ប៉ាញ នឹងប៉ះឡើយក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ ក្រោយពីពួកគេបានយកឈ្នះលើក្រុមជម្រើសជាតិក្រូអាស៊ី នៅនាទីបន្ថែម១៥នាទី២ដង កាលីថ្ងៃចន្ទ។
ពួកគេនឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិស្វ៊ីស ក្នុងទីក្រុង Saint Petersburg នៅរាត្រីថ្ងៃសុក្រ ក្រោយពីបានយកឈ្នះក្នុងលទ្ធផល ៥-៣ នៅកីឡដ្ឋាន Parken ក្នុងទីក្រុង Copenhagen។ Busquets ប្រធានក្រុមនៃក្រុមជម្រើសជាតិអេស្ប៉ាញ បានប្រាប់អ្នកយកព័ត៌មានថា៖ «សូមឲ្យក្រុមខ្លាំងឈ្នះ នៅក្នុងដំណាក់កាលនេះ។ ក្រុមដែលឈានទៅវគ្គ៨ក្រុមចុងក្រោយ សុទ្ធសឹងជាក្រុមខ្លាំង ហើយពួកគេស័ក្តិសមក្នុងការឈានទៅវគ្គនោះ»។
អេស្ប៉ាញ បានទម្លាក់ក្រុមជម្រើសជាតិក្រូអាស៊ី ក្រោយពីបានខ្ជះខ្ជាយគ្រាប់បាល់នាំមុខ២គ្រាប់ នៅប៉ុន្មាននាទីចុងក្រោយនៃម៉ោងធម្មតា ប៉ុន្តែ បានទទួលជ័យជម្នះតាមរយៈគ្រាប់បាល់របស់ Alvaro Morata និង Mikel Oyarzabal នៅនាទីបន្ថែម១៥នាទី២ដង។ Busquets បានបន្ថែមទៀតថា៖ «ខ្ញុំពិតជារីករាយណាស់ ក្រោយពីយើងបានទទួលជ័យជម្នះ ដែលជាការឈ្នះទាំងលំបាក ប៉ុន្តែ ជាការឈ្នះដ៏ស័ក្តិសម»៕
ប្រភពព័ត៌មាន៖ Channel News Asia