បរទេស៖ លោក Roberto Martinez គ្រូបង្វឹកនៃក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បែលហ្ស៊ិក បាន​បញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍​ថា លោក​នឹង​សម្រេច​ចិត្ត​នៅ​នាទី​ចុងក្រោយ​ថា តើ​នឹង​ដាក់​ឲ្យ​តារាឆ្នើម Eden Hazard និង Kevin De Bruyne ចូល​លេង ឬ​អត់ ក្នុងការប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិ​ការណ៍ Euro ឆ្នាំ​២០២០ នា​ចុងសប្តាហ៍នេះ​។

ក្រុម​របស់លោក Martinez នឹង​ត្រូវ​ជួប​ជើង​ខ្លាំង​អ៊ីតាលី ក្នុងការ​ប្រកួត​វគ្គ​១/៤ផ្តាច់ព្រ័ត្រ ក្នុង​ទីក្រុង Munich នៅ​រាត្រី​នេះ ប៉ុន្តែ អាច​នឹង​អវត្តមាន​ Hazard ដោយ​សារ​តែ​បញ្ហា​សរសៃ​ និង De Bruyne ដោយ​សារ​តែ​បញ្ហា​សរសៃ​ជង្គង់​។ លោក Martinez បាន​បញ្ជាក់​ថា៖ «យើងកំពុង​តែ​ប្រជែង​ជាមួយនឹង​ពេលវេលា​។ យើង​នឹង​​រង់​ចាំ​រហូត​ដល់​នាទី​ចុងក្រោយ មុន​នឹង​ធ្វើការ​សម្រេច​ចិត្ត​។ យើង​នឹង​រង់ចាំមើល​នៅថ្ងៃស្អែកនេះថា ពួកគេ​នឹង​ចូល​លេង​បាន ឬ​អត់​»​​។ លោក​បាន​បន្ថែម​ទៀត​ថា៖ «ថ្ងៃ​ស្អែក​នេះ វា​នឹង​ក្លាយ​ជា​ការ​សម្រេចចិត្ត​​ដ៏សំខាន់​មួយ​លើ​ផ្នែក​សុខ​ភាព ហើយ​បន្ទាប់មក យើង​នឹងសម្រេច​ចិត្ត​ទៅលើ​ការលេង​កីឡា​បាល់ទាត់​បន្ទាប់​ពីនោះ​»​។

ប្រធានក្រុម Hazard និង​ខ្សែ​បម្រើ​ដ៏​មាន​ឥទ្ធិពល De Bruyne សុទ្ធ​សឹង​បាន​​រង​របួស ក្នុងពេលក្រុម​ជម្រើស​ជាតិបែល​ហ្ស៊ិក បាន​យកឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ ក្នុង​លទ្ធផល ១-០ ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ កាលពី​ចុងសប្តាហ៍មុន​​។ បែលហ្ស៊ិក ដែលមាន​រហស្ស​នាម​ថា បិសាចក្រហម កំពុង​តែ​ប្រជែង​ដណ្តើម​កៅអី​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ជាលើក​ទី​១ បើ​គិត​ចាប់​តាំងពីឆ្នាំ​១៩៨០ ដែលនៅពេល​នោះពួកគេ​បាន​រង​បរា​ជ័យ​ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​អាល្លឺ​​ម៉ង់ ខាងលិច ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia