បរទេស៖ លោក Vladimir Petkovic គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិស្វ៊ីស បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា លោកមិនទាន់ពេញចិត្ត នឹងការទម្លាក់ក្រុមជម្រើសជាតិបារាំង និងឈានទៅវគ្គ៨ក្រុមចុងក្រោយក្នុងយុទ្ធនាការដ៏ធំមួយជាលើកដំបូង បើគិតចាប់តាំងពីឆ្នាំ១៩៥៤ឡើយ ខណៈដែលពួកគេត្រៀមទៅជួបអេស្ប៉ាញ ក្នុងវគ្គ១/៤រាត្រីនេះ។
ក្រុមជម្រើសជាតិស្វ៊ីស មិនធ្លាប់បានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសោះ ក្នុងព្រឹត្តិការណ៍ World Cup ឬ Euro ប៉ុន្តែ ការដណ្តើមបានជ័យជម្នះដ៏មិននឹកស្មានដល់លើក្រុមម្ចាស់ជើងឯកពិភពលោក ធ្វើឲ្យពួកគេខិតកាន់តែកៀកក្នុងការបង្កើតប្រវត្តិសាស្ត្រ។ នៅមុនពេលការប្រកួតជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងទីក្រុង Saint Petersburg នៅរាត្រីនេះ លោក Petkovic បានឲ្យដឹងថា៖ «យើងត្រូវតែមានការស្រេកឃ្លានដើម្បីឈានទៅវគ្គបន្តទៀត។ ចាប់ពីចំណុចនេះ ខ្ញុំមិនអាចនិយាយថា ខ្ញុំពេញចិត្តឡើយ ពីព្រោះ សម្រាប់ខ្ញុំ ជំហានបន្ទាប់តែងតែជារឿងដ៏សំខាន់បំផុត។ យើងចង់ឈានទៅវគ្គបន្ត ទោះបីយើងត្រូវជួបក្រុមខ្លាំងដូចជាអេស្ប៉ាញក៏ដោយ»។
ក្រុមជម្រើសជាតិស្វ៊ីស បានរកគ្រាប់បាល់នាំមុខមុន ប៉ុន្តែ បានដេញតាមពីក្រោយ ៣-១ មុននឹងធ្វើការវាយបកវិញដើម្បីទទួលបានលទ្ធផលស្មើ ៣-៣ ហើយពួកគេបានបន្តយកឈ្នះលើក្រុមជម្រើសជាតិបារាំង ក្នុងការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី ក្នុងវគ្គ១៦ក្រុមចុងក្រោយ៕
ប្រភពព័ត៌មាន៖ Channel News Asia