គ្រូបង្វឹកក្រុមបឹងកេត លោក គីម ភក្តី បានសម្តែងការពេញចិត្តជាថ្មីទៅដល់ ចាន់ វឌ្ឍនាកា នៅពេលខ្សែប្រយុទ្ធ ធ្លាប់មានឈ្មោះល្បីខ្លាំងរូបនេះ បានបង្ហាញទមម្រង់លេងយ៉ាងល្អ និងរកបាន៣គ្រាប់តែម្នាក់ ដើម្បីជួយឱ្យក្រុមបឹងកេត យកឈ្នះលើក្រុមខ្ចីវស្សា ខេត្តព្រៃវែង ៣-១ សម្រាប់ការបើកឱ្យប្រកួតលើកវិញនៃលីគកំពូលកម្ពុជា ឆ្នាំ២០២១។
ការស៊ុតបាល់បញ្ចូលទី ៣គ្រាប់តែម្នាក់ឯងរបស់ ចាន់ វឌ្ឍនាកា បានធ្វើឱ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាថ្មី ព្រោះពួកគេខានឃើញបច្ចេកទេសស៊ុតបាល់បញ្ចូលទីរបស់ខ្សែប្រយុទ្ធរូបនេះ ច្រើនឆ្នាំមកហើយ ពោលគឺតាំងពី វឌ្ឍនាកា វិលត្រឡប់មកចូលរួមជាមួយក្រុមបឹងកេត អស់រយៈពេលជាង២ឆ្នាំមកនេះ។
 សម្រាប់ការប្រកួត ដែលត្រូវបានធ្វើឡើង នៅកីឡដ្ឋានខេត្តព្រៃវែង កាលពីថ្ងៃសៅរ៍ កន្លងមកនេះ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ត្រូវបានលោក គីម ភក្តី ដាក់ឱ្យលេងជាជម្រើស១១នាក់ដំបូង ជាថ្មី ហើយភាពភ្ញាក់ផ្អើលក៏បានកើតមានឡើង នៅពេល វឌ្ឍនាកា ទាត់បាល់ហ្រ្វីឃីកបញ្ចូលទីបានយ៉ាងស្អាតនៅត្រឹមនាទី២នោះ។
យ៉ាងណាក៏ដោយ នៅនាទីទី ៤៥ ខ្សែប្រយុទ្ធវ័យក្មេង គី រីណា បានស៊ុតបាល់ទម្លុះសំណាញ់ទីក្រុមបឹងកេត បាន១គ្រាប់វិញ ប៉ុន្តែនៅដើមតង់ទី២ គឺក្នុងនាទីទី៤៦ ចាន់ វឌ្ឍនាកា បានស៊ុតដោយបច្ចេកទេស រកបានគ្រាប់បាល់ទី២ និងបានបន្ថែមគ្រាប់បាល់ទី៣ នៅនាទីទី៧៥ ដើម្បីជួយឱ្យក្រុមនាគខៀវ បឹងកេត យកឈ្នះលើក្រុមម្ចាស់ផ្ទះ ខេត្តព្រៃវែង ៣-១។
តាមរយៈបច្ចេកទេសស៊ុតបាល់បញ្ចូលទីយ៉ាងល្អរបស់ ចាន់ វឌ្ឍនាកា នេះ បានធ្វើឱ្យគ្រូបង្វឹកក្រុមបឹងកេត លោក គីម ភក្តី ងាកមកចាប់អារម្មណ៍ទៅលើអតីតខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិកម្ពុជារូបនេះ ជាថ្មី ព្រោះគ្រាប់គ្នា បានរង់ចាំការបង្ហាញភាពខ្លាំងរបស់ វឌ្ឍនាកា យូរណាស់មកហើយ ខណៈកាលពីអតីតកាល ខ្សែប្រយុទ្ធរូបនេះ មានភាពលេចធ្លោខ្លាំងជាងគេ និងទទួលបានការគាំទ្រច្រើនជាងគេ។
លោក គីម ភក្ដី បាននិយាយក្រោយការប្រកួតថា៖ «យើងឃើញថា ការត្រឡប់មកវិញរបស់ វឌ្ឍនាកា គឺជាសញ្ញាមួយល្អ ដែលគាត់អាចជួយក្រុម ខណៈ គ្រាកន្លងមក គាត់លេងបានរយៈពេលនាទីតិច ហើយបងប្អូនទស្សនិកជន ក៏ចេះតែចង់តាមមើលគាត់ ហើយពួកយើងជាអ្នកបច្ចេកទេស យើងចង់ផ្ដល់ឱកាសឱ្យកីឡាករ ដែលមានសក្ដានុពល»
គ្រូបង្វឹករូបនេះ បានបន្ថែមថា៖«តែទោះបីយ៉ាងណា យើងក៏ត្រូវមើល Feed Back កម្លាំងរបស់គាត់ និងបច្ចេកទេសរបស់គាត់ តើការត្រឡប់មកវិញហ្នឹង បានកម្រិតណាហើយ? ដូច្នេះថ្ងៃនេះ គឺ ចាន់ វឌ្ឍនាកា បានបង្ហាញថា គាត់អាចត្រឡប់មកវិញជាមួយក្រុម និងអាចបន្ដធ្វើការជាមួយគ្នាបន្ដទៀតបាន»៕
 
                

