បរទេស ការ​ជឿជាក់​របស់លោក Luis Enrique បាន​ជួយ​ឲ្យ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេ​ស្ប៉ាញ ឈាន​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០២០ ប៉ុន្តែ អតីត​គ្រូបង្វឹក​របស់​ក្លិប Barcelona រូប​នេះ មាន​គំនំ​ផ្ទាល់​ខ្លួន​មួយ​ទៀត ដែល​ត្រូវ​ដោះស្រាយ ក្នុង​ការ​ប្រកួត​វគ្គ​៤ក្រុម​ចុងក្រោយ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​អ៊ីតាលី នៅ​រាត្រីនេះ​។

លោក Luis Enrique បាន​ឲ្យដឹងថា៖ «ខ្ញុំ​តែង​តែ​​បាននិយាយ​ថា យើង​ជាក្រុម​មួយ​​ក្នុង​ចំណោម​ក្រុម​ទាំង​៨​ដែល​​មានក្តីសង្ឃឹម​ខ្ពស់​ក្នុងការ​លើកបាន Euro ហើយ​ពេលនេះ យើង​កំពុង​តែ​ស្ថិតក្នុងចំណោម​ក្រុម​ខ្លាំង​បំផុត​ហើយ»​។ ទោះ​បី​ជា​យ៉ាង​ណា រឿង​ដ៏​គួរ​ឲ្យ​ចង​ចាំ​បំផុត​ក្នុង​អាជីព​ជា​​កីឡាករ​របស់លោក​នា​យុទ្ធនាការ​ធំ​ៗ គឺ​ការ​រង​នូវ​ការ​វាយ​កែង​ពី​កីឡាករ Mauro Tassotti ដែល​បាន​ធ្វើ​ឲ្យ​លោក​ហូរ​ឈាម​ស្រោច​ពេញ​អាវ​សនៃក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ​​ពី​ច្រមុះ​របស់​លោក ក្នុង​ព្រឹត្តិ​ការណ៍ World Cup ឆ្នាំ​១៩៩៤​។ Tassotti មិន​បាន​រង​ពិន័យ​អ្វីឡើយ​ក្នុង​ពេលនោះ ខណៈ​ដែលក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេ​ស្ប៉ាញ ត្រូវ​បានសម្រេច​​មិន​ផ្តល់​បាល់​ប៉េ​ណាល់​ទី​ឲ្យ​នៅ​ជិត​បញ្ចប់​ការ​ប្រកួត និង​បាត់​បង់​ឱកាសក្នុងការ​ធ្វើ​ឲ្យ​ការ​ប្រកួត​ឈាន​ដល់​នាទីបន្ថែម​១៥នាទី​២​ដង ខណៈ​ដែលអ៊ីតាលី បាន​ទទួល​ជ័យ​ជម្នះ​ក្នុងលទ្ធផល ២-១​។

ក្រោយ​​មក FIFA បាន​ដាក់​ពិន័យព្យួរ​ដល់ខ្សែ​ការ​ពារ​របស់​អ៊ីតាលី​រូប​នោះ ចំនួន​៨ប្រកួត ប៉ុន្តែ ការ​ខាត​បង់​ដ៏​ធំ​បាន​កើត​ឡើង​រួចជាស្រេច​សម្រាប់​អេ​ស្ប៉ាញ ខណៈ​ដែលពួក​គេ​បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia