បរទេស៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី និងអេស្ប៉ាញ នឹងត្រូវជួបគ្នាក្នុងយុទ្ធនាការ Euro ជាលើកទី៤ជាប់ៗគ្នា នៅពេលដែលពួកគេប៉ះគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាកីឡដ្ឋាន Wembley នៅរាត្រីនេះ។ នៅមុនពេលក្រុមទាំង២ជួបគ្នា Cambosport សូមនាំយកលោកអ្នកមកដឹងប្រវត្តិជួបគ្នាក្នុងការប្រកួតធំៗទាំង៥លើករវាងក្រុមទាំង២។
ការវាយកែងរបស់ Tassotti លើ Luis Enrique
ការជួបគ្នាជាលើកទី១រវាងក្រុមទាំង២ បានកើតឡើងក្នុង World Cup ឆ្នាំ១៩៣៤ ដែលនៅពេលនោះក្រុមម្ចាស់ផ្ទះអ៊ីតាលបានយកឈ្នះ ១-០ ក្នុងវគ្គ៨ក្រុមចុងក្រោយ។ ក្នុងរយៈពេល៦០ឆ្នាំក្រោយមក ពួកគេបានជួបគ្នាម្តងទៀតក្នុង World Cup ឆ្នាំ១៩៩៤ ដែលកាលនោះ អ៊ីតាលី បានយកឈ្នះម្តងទៀតក្នុងលទ្ធផល ២-១ ក្នុងវគ្គ៨ក្រុមចុងក្រោយ ប៉ុន្តែ រឿងដ៏គួរឲ្យឈឺចាប់បំផុតនោះគឺថា ខ្សែការពារអ៊ីតាលី Mauro Tassotti បានវាយកែងលើ Luis Enrique ដែលគ្រូអេស្ប៉ាញ បច្ចុប្បន្ន ឲ្យហូរឈាមស្រោចពេញអាវក្នុងតំបន់គ្រោះថ្នាក់ តែបែរជាមិនរងពិន័យអ្វីសោះ។
អេស្ប៉ាញ ឈានទៅវគ្គបន្ត
អេស្ប៉ាញ បានយកឈ្នះលើក្រុមជម្រើសជាតិអ៊ីតាលី ដោយការស៊ុតបាល់ប៉េណាល់ទី ៤-២ ក្រោយពីក្រុមទាំង២ បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ បន្ទាប់ពីនាទីបន្ថែម១៥នាទី២ដង ក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០០៨ ក្រុមចុងក្រោយ ក្នុងទីក្រុង Vienna ខណៈដែល Cesc Fabregas ជាអ្នកស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី។ អេស្ប៉ាញ បានបន្តផ្តួលអាល្លឺម៉ង់ ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីឈ្នះពាន។
ជំនួបក្នុងវគ្គផ្តាច់ព្រ័ត្រក្នុង Euro 2012
ក្រោយពីបានបន្ថែមពាន World Cup ឆ្នាំ២០១០ ទៅលើពាន Euro ដែលពួកគេបានឈ្នះនៅអូទ្រីស អេស្ប៉ាញ បានឈានទៅវគ្គផ្តាច់ព្រ័ត្រនៃយុទ្ធនាការ Euro ឆ្នាំ២០១២ ដែលរៀបចំឡើងនៅអ៊ុយក្រែន និងប៉ូឡូញ ហើយពួកគេបានលត់ក្រុមអ៊ីតាលី យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០។
អ៊ីតាលី ធ្វើការសងសឹកវិញ
ការបញ្ចប់ដោយការឈរលេខ១ក្នុងពូលរបស់អ៊ីតាលី បាននាំឲ្យពួកគេទៅជួបក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុង Euro ឆ្នាំ២០១៦ វគ្គ១៦ក្រុមចុងក្រោយ និងទទួលបានឱកាសសងសឹងចំពោះការចាញ់របស់ពួកគេនៅទីក្រុងគៀវ។
នៅកីឡដ្ឋាន Stade de France អ៊ីតាលីធ្វើបានយ៉ាងល្អ តាមរយៈការយកឈ្នះលើក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងលទ្ធផល ២-០។
ការម៉ាស់មុខរបស់អ៊ីតាលីក្នុងជម្រុះ World Cup ឆ្នាំ២០១៨
ការជួបគ្នាចុងក្រោយបំផុតរវាងក្រុមទាំង២ បានកើតឡើងក្នុងទីក្រុងម៉ាឌ្រីដ ខែកញ្ញា ឆ្នាំ២០១៧ នៅពេលនោះ អេស្ប៉ាញ បានយកឈ្នះក្នុងលទ្ធផល ៣-០ ក្នុងជម្រុះ World Cup ខណៈដែលអ៊ីតាលី បានធ្លាក់ទៅលេខវគ្គ Playoff មុននឹងចាញ់ក្រុមស៊ុយអែត ដែលនាំឲ្យពួកគេអវត្តមានពី World Cup ជាលើកទី១ បើគិចាប់តាំងពីឆ្នាំ១៩៥៨៕
ប្រភពព័ត៌មាន៖ AFP