តាម​រយៈការ​បើក​ឱ្យ​ដំណើរ​ការ​ប្រកួត​ជាថ្មី នៃ​លីគកំពូល​កម្ពុជា ឆ្នាំ​២០២១នេះ ខ្សែប្រយុទ្ធ​របស់ក្លិប​អាស៊ីអឺរ៉ុប Abee Ndjoo Hurber និង​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា សុទ្ធ​តែ​បាន​បង្កើតការ​ភ្ញាក់ផ្អើល ដោយ​ពួកគេ​រក​បាន​៣​គ្រាប់(ហែតទ្រីក)​តែ​ម្នាក់​ឯង​ដូចគ្នា។

យ៉ាង​ណា​ក៏​ដោយ ការរក​បាន​៣​គ្រាប់​របស់​ខ្សែ​ប្រយុទ្ធពាក់លេខ​៩ Abee ដើម្បី​ជួយ​ឱ្យ​ក្រុម​អាស៊ីអឺរ៉ុប យក​ឈ្នះ​លើ​ក្រុមម្ចាស់​ផ្ទះ​អគ្គិសនី ៤-០ មាន​តម្លៃ​ និងមាន​សារៈសំខាន់​ខ្លាំង​ជាង ការ​រក​បាន​៣​គ្រាប់របស់​ម្ចាស់​អាវ​លេខ​១១ ចាន់ វឌ្ឍនាកា បើទោះបីជា ចាន់ វឌ្ឍនាកា ជា​អ្នកស៊ុត​បញ្ចូលទី​ចំនួន​៣​គ្រាប់​តែ​ម្នាក់ឯង ក្នុង​ជ័យជម្នះ​របស់​ក្រុមបឹងកេត ៣-១ លើ​ក្រុម​ម្ចាស់​ផ្ទះ ខេត្តព្រៃវែង ក៏​ដោយ។

ការ​​ប្រៀប​ធៀប​ទៅលើ​តម្លៃ​គ្រាប់បាល់​របស់​ខ្សែ​ប្រយុទ្ធ​ទាំង​២​នេះ  គឺ​ផ្នែក​ទៅលើ​ការ​វាយតម្លៃ​របស់​គណៈកម្មការ​រៀបចំការ​ប្រកួតបាល់​ទាត់ជាតិ​កម្ពជា (CNCC) ​ទៅ​លើ​គុណ​ភាព​​​លេង​របស់កីឡាករមួយៗ ដែល​បាន​ប្រកួត កាលពីថ្ងៃសៅរ៍ និង​ថ្ងៃអាទិត្យ កន្លងមកនេះ។

តាមការ​វាយ​តម្លៃ​របស់​ក្រុមអ្នកជំនាញការ​របស់ CNCC ទៅលើគុណ​ភាព សកម្ម​ភាព​លេង និងផ្នែក​មួយចំនួនទៀត​របស់កីឡាករ នៅលើទី​លាន​នោះ គឺ ខ្សែ​ប្រយុទ្ធ​របស់  ចាន់ វឌ្ឍនាកា មិនបានជាប់ជា​កីឡាករ​លេង​ល្អ​ប្រចាំ​ សប្តាហ៍​ទី​៦ នោះ ប៉ុន្តែ​កីឡាករ វឿន វ៉ា របស់​ក្រុម​ខេត្ត​ព្រៃវែង ទៅ​វិញ​ទេ ដែល​បានជាប់ជា​កីឡាករ​ល្អ ប្រចាំ​ការ​ប្រកួតនោះ។

ផ្ទុយ​ពី​នេះ​ខ្សែ​ប្រយុទ្ធ Abee មិនត្រឹមតែ​រកបាន​៣​គ្រាប់តែ​ម្នាក់ឯងនោះ​ទេ ប៉ុន្តែ​ក៏​ទទួលបានងារជា​កីឡាករលេង​ល្អ​ប្រចាំ​ការ​ប្រកួត លើកនេះ​ផងដែរ។ បន្ថែម​លើនេះ ការ​រកបាន៣​គ្រាប់​បន្ថែម​នេះ បាន​ជួយ​ឱ្យ Abee ក្លាយ​ជា​កីឡាករ ដែល​រក​បាន​គ្រាប់បាល់​ច្រើនជាងគេ ជាបណ្តោះ​អាសន្ន​ផង​ដែរ ដោយ​ពេល​នេះ Abee រក​បាន​គ្រាប់​បាល់​សរុប​ចំនួន​៨​គ្រាប់ គឺ​វ៉ាផុតខ្សែប្រយុទ្ធអេស្ប៉ាញ Mika របស់ព្រះខ័នរាជស្វាយរៀង ដែលរក​បានគ្រាប់​បាល់​សរុប​ចំនួន​៧គ្រាប់៕