គ្រូបង្វឹកក្រុមអង្គរថាយហ្គឺរ លោក Oriol Segura បានសម្តែងការរំភើបខ្លាំង និងបានចាត់ទុកការយកឈ្នះលើក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង កាលពីយប់ថ្ងៃអង្គារម្សិលមិញ ថា ជាឱកាសដ៏អស្ចារ្យ សម្រាប់ក្រុមទាំងមូល ប៉ុន្តែលោកបានជំរុញឱ្យក្រុមមានមូលដ្ឋាន នៅខេត្តសៀមរាបមួយនេះ បង្កើនការខំប្រឹងថែមទៀត។
លោក Oriol Segura បាននិយាយក្រោយការប្រកួតនេះ៖ «វា គឺជាឱកាសដ៏អស្ចារ្យ សម្រាប់យើង ដែលទទួលបាន ៣ ពិន្ទុត្រឡប់ទៅកាន់ខេត្តសៀមរាបវិញ និងជាការបង្ហាញពីភាពស្វិតស្វាញ និងភាពខ្លាំងក្លាផ្នែកស្មារតីរបស់ក្រុមទាំងមូល ដែលបានខិតខំប្រឹងប្រែង។ ខ្ញុំពិតជារីករាយយ៉ាងខ្លាំង ជាមួយអ្នកគ្រប់គ្នា ដែលជាគ្រួសារអង្គរថាយហ្គឺរ»។
យ៉ាងណាក៏ដោយ គ្រូបង្គោលក្រុមអង្គរថាយហ្គឺររូបនេះ បានជំរុញកូនក្រុមរបស់លោកបន្តខំប្រឹងបន្ថែមទៀត ដើម្បីរួមគ្នាទទួលខុសត្រូវ សម្រាប់ការប្រកួតជាបន្តទៀត ក៏ព្រោះតែ ក្រុមអង្គរថាយហ្គឺរ មារឿងជាច្រើនទៀត ដែលត្រូវធ្វើ។
គ្រូបង្គោលរបស់ក្រុមអង្គរថាយហ្គឺរ រូបនេះ បានបញ្ជាក់ថា៖ «យើងត្រូវតែមានការទទួលខុសត្រូវ និងបន្តធ្វើការងារឱ្យបានល្អ នៅប្រកួតបន្ទាប់ ព្រោះពួកយើងនៅមានរឿងជាច្រើនទៀត ដែលយើងត្រូវធ្វើ។ យើងនឹងធ្វើឱ្យគ្រប់គ្នាមានមោទនភាព ចំពោះក្លិបនេះ ហើយពួកយើង ពិតជារីករាយ នឹងការគាំទ្រពីសំណាក់អ្នកគាំទ្រទាំងអស់។ យើងបន្តឆ្ពោះទៅមុខ និងខិតខំឱ្យល្អប្រសើរ»។
តាមរយៈការប្រកួត នៅកីឡដ្ឋានខេត្តស្វាយរៀង កាលពីយប់ថ្ងៃអង្គារ ម្សិលមិញនេះ ខ្សែប្រយុទ្ធ Lopez Mendy Robert Waly បានបើកការនាំមុខឱ្យក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង យ៉ាងលឿន តាមរយៈការរកបានគ្រាប់បាល់របស់គេ នៅត្រឹមនាទីទី ៥ ប៉ុន្តែកីឡាករ តាំង ពិសី បានវាយបកតាមស្មើឱ្យក្រុមអង្គរថាយហ្គឺរ បានវិញ នៅនាទីទី១០ មុនពេល ឡុង ម៉េងហាវ បានបន្ថែមគ្រាប់បាល់ជ័យជម្នះឱ្យក្រុមភ្ញៀវ នៅនាទីទី ៧០។
ការដណ្តើមបាន ៣ ពិន្ទុពីក្រុមខ្លាំង ស្វាយរៀង នៅក្នុងការប្រកួតលើកទី៦ នេះ បានជួយឱ្យក្រុមអង្គរថាយហ្គឺរ នៅតែអាចបន្តឈរ នៅលើកំពូលតារាង នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១ ដោយមាន ១៦ ពិន្ទុ ហើយតាមពីក្រោយដោយក្រុម ទើបប្រកួតបាន ៤ ដង ភ្នំពេញក្រោន ដែលមាន ១២ ពិន្ទុ ប៉ុន្តែក្រុមព្រះខ័នរាជស្វាយរៀង មាន៩ពិន្ទុ ស្មើជាមួយក្រុមឈរនៅលេខ៣ វិសាខា និងក្រុមឈរនៅលេខ៤ គិរីវង់សុខសែនជ័យ ដដែល។
ដោយឡែក នៅថ្ងៃពុធនេះ ក្រុមអាស៊ីអឺរ៉ុប នឹងត្រូវបើកទ្វារកីឡដ្ឋានអេអ៊ីយូស្ពតផាក របស់ខ្លួន ដើម្បីស្វាគមន៍ក្រុមការពារតំណែងជើងឯក កំពុងស្រេកឃ្លានការឈ្នះ បឹងកេត ចំណែកក្រុមនគរបាលជាតិ ត្រូវប្រឈមជាមួយក្រុមណាហ្គាវើលដ៍ នៅកីឡដ្ឋានសេវេនអេនជី ហើយការប្រកួតទាំង២គូនេះ ត្រូវធ្វើឡើង ចាប់ពីរសៀលម៉ោង ៣:៣០ តទៅដូចគ្នា៕
 
                



