ខ្សែ​ប្រយុទ្ធ​ Marcio ​បាន​បង្កើតឱ្យមាន​ការ​ចាប់អារម្មណ៍​ជា​ថ្មី បន្ទាប់ពី​រូប​គេ​រកបាន​៣គ្រាប់តែ​ម្នាក់ឯង (ហែតទ្រីក) នៅពេល​ក្រុមណាហ្គាវើលដ៍ យក​ឈ្នះ​ក្រុមនគរ​បាលជាតិ ៤-០ កាលពី​ថ្ងៃពុធ ចំណែក​ខ្សែ​ប្រយុទ្ធ​ ចាន់ វឌ្ឍនាកា បានបំពេញ​តួនាទី​​យ៉ាង​ល្អ​ជា​ថ្មី​ម្តងទៀត ដើម្បី​ជួយ​ឱ្យ​ក្រុម​បឹងកេត អាច​យក​​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះអាស៊ីអឺរ៉ុប ៣-១។

បើទោះបីជា​គ្រូ​បង្គោលក្រុមណាហ្គាវើលដ៍ លោក មាស ចាន់ណា បាន​សម្តែងការ​ព្រួយបារម្ភ​ទៅបញ្ហា​ទីលាន នៅកីឡដ្ឋាន 7NG ដែល​ពួកគេ មិន​ធ្លាប់​ហ្វឹក​ហាត់សោះ នៅលើទីលាន​នេះ ប៉ុន្តែ​តាមរយៈការ​ប្រកួត កាលពី​ម្សិល​មិញ​នេះ ក្រុមណាហ្គាវើល នៅតែ​ធ្វើបាន​ល្អ ដើម្បី​បង្កើតឱកាសរកបានដល់​៤​គ្រាប់​​។

ជាមួយជ័យជម្នះ ៤-០ លើ​ក្រុម​ម្ចាស់​ផ្ទះនគរបាលជាតិ​នេះ ខ្សែ​ប្រយុទ្ធ Marcio អាច​ធ្វើបាន​ហែតទ្រីកជាថ្មី​ម្តងទៀត តាមរយៈការ​ស៊ុត​ទម្លុះសំណាញ់ទី​ក្រុមនគរ​បាលជាតិ នៅនាទីទី២១ ទី​៣៣ និងនាទីទី​៦២ ខណៈ​មួយ​គ្រាប់​ទៀត​រក​បាន​ដោយ​កីឡាករ​ គួច ដានី នៅនាទីទី៣៦ ហើយ​ជ័យជម្នះនេះ បានជួយឱ្យ​ក្រុមណាហ្គាវើលដ៍ អាចហក់ពី​លេខ៧ មក​ឈរ​នៅ​លេខ​រៀង​ទី​៣ វិញ ដោយមាន១១ពិន្ទុ តិចជា​ក្រុម​ឈរ​នៅលេខ​១ អង្គរថាយហ្គឺរ ដែលមាន​១៦ពិន្ទុ និង​ក្រុមភ្នំពេញក្រោន មាន​១២ពិន្ទុ។

សម្រាប់ការ​ប្រកួត កាលពី​ថ្ងៃពុធ​នោះ​ដែរ ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា បាន​ក្លាយ​ជា​ស្នូល​យ៉ាងសំខាន់ ក្នុងការនាំ​យក​ជ័យជម្នះឱ្យ​ក្រមបឹងកេត ទទួលបាន​ជ័យជម្នះ​លើ​ក្រុម​អាស៊ីអឺរ៉ុប ៣-១ ដោយការ​ប្រកួត​នេះ គេ​រកបាន​២​គ្រាប់​តែ​ម្នាក់ឯង ដោយការ​ទាត់បាល់ពិន័យ​១១ម៉ែត្រ បានសម្រេច នៅនាទីទី៤៨ និង​បាន​បន្ថែម​១​គ្រាប់​ទៀត នៅនាទីទី​៦៩ ហើយ វឌ្ឍនាកា ក៏ជា​អ្នកបញ្ចូល​បាល់​ឱ្យ សេត រ៉ូស៊ីប រក​បាន១​គ្រាប់ នៅនាទីទី ៨៦ ផង​ដែរ ខណៈ​១​គ្រាប់​របស់​ក្រុម​ម្ចាស់​ផ្ទះ រក​បានដោយខ្សែ​ប្រយុទ្ធ Abee Ndjoo នៅនាទីទី​៧៥។

តាម​រយៈ​ការ​រក​បាន២គ្រាប់ លើកនេះ បន្ថែមទៅ​លើ​ធ្វើតាមហែត​ទ្រីក នៅពេល​ក្រុមបឹងកេត បាន​យក​ឈ្នះ​ក្រុម​ខេត្តព្រៃវែង ៣-១ កាលពី​ថ្ងៃអាទិត្យ​នោះ គឺ​បាន​បញ្ជាក់កាន់តែ​ច្បាស់ថា ភាព​ខ្លាំង​របស់ ចាន់ វឌ្ឍនាកា បាន​វិលមក​វិញ​ហើយ ហើយក៏ជា​អ្នក​ជួយ​ឱ្យក្រុមការពារ​តំណែង​ជើង​ឯក បឹងកេត វិលមក​រក​លើគន្លង​ផ្លូវដ៏​ល្អ​វិញ ក្នុងការ​ប្រជែង​យក​តំណែង​ជើង​ឯក​ជាថ្មី ផងដែរ ក្រោយ​ចាញ់​៣ប្រកួតជាប់ៗគ្នា នាការ​ប្រកួត នៅ​ដើម​រដូវកាល ខណៈពេលនេះ បឹងកេត មាន៩ពិន្ទុ ជាមួយការ​ឈ្នះ​៣ និងចាញ់​៣​ដង៕