ខ្សែការពារកណ្តាលដ៏សំខាន់របស់ក្លិបវិសាខា ធារី ចន្ថាប៊ីន បានអះអាងថា ការស្វាគមន៍ក្រុមលេខ ១ អង្គរថាយហ្គឺរ នៅកីឡដ្ឋានព្រីនស៍ នារសៀលម៉ោង ៣:៣០ ថ្ងៃព្រហស្បតិ៍នេះ ពួកគេបានរៀបចំ និងត្រៀមខ្លួនរួចហើយ ហើយពួកយើង នឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបាន៣ពិន្ទុ សម្រាប់ការប្រកួត នៅលើទឹកដីខ្លួនឯងយើងលើកនេះ។
តែទោះបីជាយ៉ាងណា ចំណាត់ថ្នាក់នេះ អាចនឹងមានការប្រែប្រួលវិញ ព្រោះក្រុមខ្លាំងទាំង ៣ ខាងលើ នឹងត្រូវប្រកួតគ្នា នៅថ្ងៃព្រហស្បតិ៍នេះ ដោយក្នុងនោះ ក្រុម វិសាខា ត្រូវប្រឈមជាមួយក្រុមឈរនៅកំពូលតារាង មាន ១៩ ពិន្ទុ អង្គរថាយហ្គឺរ នៅរសៀលម៉ោង ៣:៣០ ហើយក្រុមភ្នំពេញក្រោន ត្រូវទទួលក្រុមព្រះខ័នរាជស្វាយរៀង នៅល្ងាចម៉ោង ៦ បន្ទាប់។
ខ្សែការពារ ធារី ចន្ថាប៊ីន បានលើកឡើងថា គ្រប់គ្នា នៅក្លិបវិសាខា បានផ្តោតខ្លាំងទៅលើការប្រកួតនេះ។ តាមរយៈក្លិបវិសាខាផ្ទាល់ ធារី បាននិយាយថា៖ «ពួកយើង បានរៀបចំ និងត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតនេះ។ ពួកយើងបានប្រឹងប្រែងហ្វឹកហាត់ និងផ្តោតអារម្មណ៍ខ្លាំង ព្រោះនេះ គឺជាការប្រកួតដ៏ធំ នៅផ្ទះពួកយើង»។
កីឡាករខ្មែរ-បារាំង ជម្រើសជាតិកម្ពុជា ដែលធ្លាប់មានបទពិសោធលេងនៅលីគកំពូលម៉ាឡេស៊ី ធារី ចន្ថាប៊ីន បាននិយាយបន្ថែមថា៖ «នេះជាការប្រកួតដ៏រំភើប និងគួរឱ្យចាប់អារម្មណ៍បំផុត សម្រាប់ក្រុមទាំង ២ ហើយក៏ជាការប្រកួត ដើម្បីកំណត់ត្រាខ្លួនឯងដែរ។ ពួកយើង នឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានពិន្ទុ សម្រាប់ការប្រកួត នៅក្នុងផ្ទះពួកយើងលើកនេះ»។
យ៉ាងណាក៏ដោយ គេនៅមិនទាន់ប្រាកដថា វិសាខា អាចបន្តយកឈ្នះក្រុមអង្គរថាយហ្គឺរ ដូចកាលពួកគេ បានយកឈ្នះ ៣-១ កាលពីរដូវកាល ឆ្នាំ ២០២០ ឬយ៉ាងណានោះទេ ព្រោះ អង្គរថាយហ្គឺរ នៅពេលនេះ កំពុងឡើងជើងខ្លាំង ហើយក៏មានមហិច្ឆតា ប្រជែងឱ្យបានពាន នៅរដូវកាលនេះ ផងដែរ។
សម្រាប់ការប្រកួត៧ លើកកន្លងមកនេះ អង្គរថាយហ្គឺរ បានឈ្នះ ៦ និងស្មើ ១ មាន ១៩ ពិន្ទុ ហើយនៅក្នុងនោះ ពួកគេ ក៏បានយកឈ្នះក្រុមបឹងកេត ១-០ និងឈ្នះក្រុមទ័ព ៣-២ ផងដែរ។ ចំណែកវិសាខា ក៏មិនទាន់ស្គាល់រសជាតិចាញ់ដូចគ្នា ដោយ ៦ ប្រកួតមកនេះ ពួកគេ បានឈ្នះ ៣ និងស្មើ ៣ ដង៕