កីឡាករ​ជា​​ប្រធាន​ក្រុម​របស់​ភ្នំពេញ​ក្រោន អ៊ន ចាន់ប៉ូលីន បាន​គិត​ថា ការ​វិល​មក​ជួបក្រុម​ព្រះខ័នរាជស្វាយរៀង នៅ​លើ​ទឹក​ដី​ខ្លួន​ឯង នា​ល្ងាច​ម៉ោង​៦​ថ្ងៃ ព្រហស្បតិ៍នេះ ​របស់​របស់គេ អាច​នឹង​មានការ​លំបាក ក្នុងការ​ប្រជែង​រក​៣ពិន្ទុ បើ​ទោះបីជា ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ ក្រុមស្វាយរៀង ធ្វើ​មិន​សូវ​បាន​ល្អក៏​ដោយ។

ការ​ដាក់​ក្តី​បារម្ភ ​របស់​កីឡាករ​ជម្រើសជាតិកម្ពុជា អ៊ន ចាន់ប៉ូលីន ​បែបនេះ ក៏​ព្រោះ​តែ ​ក្រុម​ភ្នំពេញ​ក្រោន បាន​ខក​ខាន​ប្រកួត​ជាង​១​ខែ​មក​ហើយ ហេតុ​នេះ​ការ​វិល​មកកាន់ទី​លាន​ប្រកួត​ជា​ថ្មីនេះ ប្រធាន​ក្រុម ចាន់ប៉ូលីន ​គិត​ថា វា​អាច​នឹងប៉ះ​ពាល់​ដល់ទម្រង់​លេង​ខ្លះ​របស់​ក្រុម។

តាម​រយៈ​ក្លិប​ភ្នំពេញ​ក្រោន ផ្ទាល់ អ៊ន ចាន់ប៉ូលីន បាន​​លើក​ឡើង​​​ថា៖ «យើង​ខាន​ប្រកួត​យូរ​ហើយ ពេល​នេះ​យើង​មាន​ការ​ប្រកួត​វិញ ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត ​ព្រោះ​យើង​ហាត់​ ដើម្បី​មាន​ការ​ប្រកួត បើ​មិន​មាន​ការ​ប្រកួត គឺ​វា​រាង​ធុញ​បន្តិច។ ខ្ញុំ​គិតថា​ ការ​ខក​ខាន​យូរ​នេះ វា​អាច​មាន​ផល​ប៉ះ​ពាល់​តិច​តួច ​ដល់​​ទម្រង់​លេង​ និង​អារម្មណ៍​របស់​ក្រុម ព្រោះ​ពួក​យើង​ខាន​ប្រកួត​យូរ ​មិន​ដូច​ក្រុម​គេ ដែល​​មាន​ប្រកួត​ច្រើន​ជាង​យើង អ៊ីចឹង​ទឹក​ចិត្ត​ និង​ឆន្ទៈ ​វា​អាច​ប៉ះ​ពាល់​ដែរ តែ​សង្ឃឹម​ថា វា​មិន​ប៉ះ​ខ្លាំង​ពេក​ទេ»។

យ៉ាង​ណា​ក៏​ដោយ ប្រធាន​ក្រុម​វ័យ​២៣​ឆ្នាំ​ អ៊ន ចាន់ប៉ូលីន នៅតែ​សង្ឃឹម​ថា ពួក​គេ នឹង​ដណ្តើម​បាន​៣ពិន្ទុ។ ​«វា​នឹង​អាច​ជា​ការ​ប្រកួត​មួយ​ដ៏​ស្វិត​ស្វាញ និង​តាន​តឹង ហើយ​វា​ក៏​ជា​ការ​ប្រកួត ​ដែល​ពិបាក​ក្នុង​ការ​រក​ពិន្ទុ​ផងដែរ។ ទោះ​បីជា​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​ គេ​ធ្វើ​មិន​សូវ​បាន​ល្អ ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ថា ស្វាយរៀង​ នៅ​តែ​ជា​ក្រុម​ខ្លាំង​មួយ ហើយ​គេ​នឹង​ព្យាយាម​កែប្រែ ​ដើម្បី​រក​ពិន្ទុ និង​ជ័យជម្នះ​មក​វិញ។ តែ​ទោះ​បីជា​យ៉ាង​ណា ខ្ញុំ​​នៅតែ​ជឿជាក់​លើ​ក្រុម​របស់​ខ្ញុំថា​ ពួក​យើង ​នឹង​ធ្វើ​បាន​៣​ពិន្ទុ​ក្នុង​ទឹក​ដី​របស់​យើង​ ព្រោះ​យើង​​ត្រូវ​ការ​ពិន្ទុ​ជា​ចាំបាច់ ដើម្បី​ប្រជែង​កំពូល​តារាង»។

​គិតមក​ដល់ពេលនេះ ក្រុម​ភ្នំពេញក្រោន និង​ព្រះ​ខ័នរាជស្វាយរៀង ​មាន​១២​ពិន្ទុ​ដូច​គ្នា ប៉ុន្តែ​ក្រុម​ស្វាយ​រៀង បាន​ប្រកួត​ចំនួន​៦​លើក​ហើយ ដោយ​ឈ្នះ​៤ និង​ចាញ់​២​ប្រកួត ចំណែក​​ភ្នំពេញ​ក្រោន ទើប​ប្រកួត​បានត្រឹម​៤​លើក​ទេ ដោយ​ឈ្នះ​ទាំង​អស់ ហើយក្នុង​នោះ​ពួក​គេ ក៏បាន​ឈ្នះ​ក្រុមបឹងកេត ២-១ ផងដែរ។

យ៉ាង​ណា​ក៏​ដោយ សម្រាប់​​ការ​ជួប​ក្រុម​ស្វាយរៀង លើកនេះ វា​អាច​នឹងមាន​ការ​ពិបាក​ច្រើន ហើយ​តាម​លទ្ធភាព​រវាង​ក្រុមទាំង​២​នេះ គឺ​អាច​មានឱកាស​ដាក់សម្ពាធ​គ្នា និង​រក​បានគ្រាប់បាល់​ដូចគ្នា ដែលមិនទាន់អាច​វាយ​តម្លៃ​បាន​ថា ក្រុមមួយណា ជា​អ្នក​ឈ្នះ​បាន​នោះ​ទេ គឺ​លុះ​ត្រា​ ចប់ការ​ប្រកួត​៩០​នាទី​ពេញ ទើប​ដឹង​ច្បាស់  ព្រោះ​ទាំង ភ្នំពេញ​ក្រោន និង​ស្វាយរៀង មាន​មហិច្ឆតា ដណ្តើម​ឱ្យបាន​៣ពិន្ទុដូចគ្នា៕