ក្រុម​កំពុងឈរនៅ​លើ​កំពូល​តារាង អង្គរ​ថាយហ្គឺរ មិន​អាច​រក្សា​កំណត់​ត្រា​ដ៏​ល្អ​របស់ខ្លួន​បាន​ទៀត​នោះទេ ខណ:ពួក​គេ​មិនអាច​ទប់​មហិច្ឆតា​រក​​ជ័យ​ជម្នះ​​របស់​ក្រុមម្ចាស់​ផ្ទះ ​វិសាខា បាន​នោះ ចំណែក​ក្រុម​ភ្នំពេញ​ក្រោន ដែល​បាន​ចាញ់​បង់​ក្រុមព្រះខ័នរាជស្វាយរៀង នៅតង់ទី​១​នោះ បែរ​ជា​អាច​កែ​ប្រែ​ស្ថាន​ភាព​បាន​ល្អប្រសើរ​វិញ នៅ​តង់ទី​២ ហើយក៏​ប៊ិះ​តែ​ទទួល​បាន​ជ័យ​ជម្នះ ជា​លើក​ទី​៥​ជាប់ៗ​គ្នាផងដែរ។

​បើទោះបីជា​៧​​ប្រកួតកន្លងមក​នេះ ក្រុម​អង្គរថាយហ្គឺរ ធ្វើបាន​យ៉ាង​ល្អ និង​មិនធ្លាប់ស្គាល់ការ​ចាញ់ ដោយពួក​គេ បានឈ្នះ​៦ និងស្មើ​១​ដង ប៉ុន្តែ​សម្រាប់​​ការ​ធ្វើ​ដំណើរ​មកកាន់កីឡដ្ឋានព្រីនស៍ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ ក្រុម​មានមូល​ដ្ឋាន​នៅ​ខេត្តសៀម​រាប​មួយនេះ បានចាញ់ក្រុម​វិសាខា ៣-១ ដែល​គ្រាប់បាល់​ជ័យជម្នះ​​នេះ ​រក​បាន​ដោយ​​ខ្សែ​ប្រយុទ្ធ​កម្ពស់ខ្ពស់ Haber Marcus  នៅនាទីទី​១៥ និងទី​២០ និង​គ្រាប់​បាល់ចុងក្រោយ​របស់ រ៉ឹង ប៊ុនហៀង នៅ​នាទីទី​៨៨ ខណៈ​១​គ្រាបរបស់​គ្រាប់​ភ្ញៀវ រកបាន​ដោយ​កខ្សែ​បម្រើ ឡុង ភារ៉ាត នៅនាទីទី៥៦។

យ៉ាងណា​ក៏​ដោយ ការ​ចាញ់ជា​លើក​ដំបូងនេះ វានៅតែ​ធ្វើ​ឱ្យក្រុម​អង្គរថាយហ្គឺរ អាច​បន្ត​ឈរ​នៅ​លេខ​១ ព្រោះ​ពួក​គេ នៅតែ​មាន​ ១៩ពិន្ទ​ខ្ពស់ជាង​​គេ ចំណែក​ក្រុមវិសាខា បាន​បន្ត​ឈរ​នៅ​លេខ​២ ដោយ​មាន១៤​ពិន្ទុ លើ​ក្រុមណាហ្គាវើលដ៍ និង​ក្រុម​កង​យោធពល​ខេមរភូមិន្ទ (ទ័ព) ដែល​បាន​ឡើង​មក​ឈរ​នៅលេខ​៣ និង​លេខ​៤ ដោយ​មាន​១៤​ពិន្ទុស្មើ​គ្នា។

ចំណែក​កំណត់ត្រា​ដ៏​ល្អ​របស់​ក្រុម​ម្ចាស់​ផ្ទះ ភ្នំពេញ​ក្រោន ស្ទើរ​តែត្រូវ​បំផ្លាញ​ដោយក្រុមភ្ញៀវ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន RNS ទៅហើយ ប៉ុន្តែ​ភ្នំពេញ​ក្រោន បែរ​ជា​អាច​កែ​ប្រែ​ស្ថាន​ភាព​បាន​យ៉ាងល្អ​វិញ ហើយ​ក៏​ស្ទើរ​តែ​រកបាន​ជ័យជម្នះវិញ​ផងដែរ។

តាម​រយៈការ​ប្រកួត​យ៉ាងស្វិតស្វាញ កាល​ពី​យប់​ម្សិលមិញ​នេះ ខ្សែ​ប្រយុទ្ធដ៏មាន​បទពិសោធ Privat រក​បាន​គ្រាប់បាល់​ឱ្យ​ក្រុមស្វាយរៀង បាន​២​គ្រាប់ជាប់ៗ​គ្នា នៅនាទីទី៣៩ និងទី​៤៥ មុនពេល លឹម ពិសុទ្ធ  វាយ​បក​បាន​១​គ្រាប់​វិញ នៅនាទីទី ៤៥+២ ដែល​ធ្វើ​ឱ្យ​ការ​ប្រកួត​តង់ទី​១ បានបញ្ចប់​ដោយ ស្វាយរៀង នាំ​មុខ ភ្នំពេញ​ក្រោន ២-១។

យ៉ាង​ណាក៏​ដោយ នៅតង់​ទី​២ ភ្នំពេញក្រោន ដណ្តើម​បាន​ការ​មាន​ប្រៀប​មក​វិញ ខណៈ លឹម ពិសុទ្ធ រក​បាន​គ្រាប់បាល់ទី​​២ នៅនាទីទី​៦២ ហើយ ប្រាក់ ធីវ៉ា បាន​បន្ថែម​១​គ្រប់​ទៀត នៅនាទីទី​៧៣​នោះ ប៉ុន្តែ​​ការ​មានប្រៀប​នេះ ត្រូវបាន​បញ្ចប់ ក្រោយពេល​ខ្សែ​ប្រយុទ្ធ Lopez Mendy បាន​រក​ឃើញ​គ្រាប់បាល់​ទី​៣ ឱ្យក្រុមស្វាយរៀង នៅនាទីទី៨០​នោះ។

ការ​បញ្ចប់​ដោយ​លទ្ធផលស្មើ​គ្នា ៣-៣ នេះ បានធ្វើ​ឱ្យក្រុម​ភ្នំពេញក្រោន និង​​ក្រម​ស្វាយរៀង បាន​ខ្ទាត់ចេញ ពីតំបន់កំពូល​តារាង​ទាំង​៤​ដូចគ្នា គឺ​ក្រុម​ទាំង​២នេះ បាន​ធ្លាក់ទៅ​ឈរ​នៅលេខ​​៥ និងលេខ​៦ ដោយ​​មាន​១៣​ពិន្ទុស្មើ​គ្នា។ ចំណែក​ក្រុមអគ្គិសនីកម្ពុជា បាន​ឡើងមក​ឈរ​នៅលេខ​១០  ក្រោយ​ពេល​ពួក​គេ​បានយក​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​សូលទីឡូអង្គរ ១-០ កាលពី​ម្សិលមិញ​ដែរ ដែល​គ្រាប់បាល់ជ័យជម្នះនេះ រក​បានដោយកីឡាករ ចន្ថ ចន្ធាកា នៅនាទីទី​៣៦។

ទាក់ទងការ​ប្រកួតនេះ លោក Oleg Starynskyi​ គ្រូបង្វឹក​របស់​ក្រុម​សិង្ហក្រហម​ភ្នំពេញក្រោន បាន​និយាយ​ថា៖​ «​យើង​លេង​បាន​ល្អ សម្រាប់​ការ​ប្រកួត​នេះ គ្រាន់​តែយើង​មិន​ចង់​បាន​នៅលទ្ធផល​បែបនេះ ប៉ុន្តែ​ជា​រួមមក​ខ្ញុំ​មាន​មោទក​ភាព ចំពោះការប្រកួត​ និងការបង្ហាញរបស់ក្រុមយើង»៕