ក្រុមការពារតំណែងជើងឯក បឹងកេត នឹងត្រូវបើកទ្វារកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ដើម្បីទទួលក្រុមកងយោធពលខេមរភូមិ (ទ័ព) នារសៀលម៉ោង ៣:៣០ ថ្ងៃអាទិត្យនេះ ចំណែកវិសាខា និងភ្នំពេញក្រោន ត្រូវបានគេមើលឃើញថា អាចនឹងទទួលបាន៣ពិន្ទុរៀងៗ រីឯក្រុមព្រះខ័នរាជស្វាយរៀង ក៏អាចនឹងជួបភាពរីករាយផងដែរ តែអាចនឹងមានការលំបាកច្រើនជាង ភ្នំពេញក្រោន និងវិសាខា។
ការវិលមកជួបគ្នារវាងក្រុមបឹងកេត និង ទ័ព លើកនេះ បានក្លាយជាការប្រកួត ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ នៅថ្ងៃអាទិត្យនេះ ព្រោះក្រុមទាំង២ សុទ្ធតែត្រូវការឈ្នះខ្លាំង ដើម្បីបង្កើតឱកាសថែមទៀត ក្នុងការប្រជែងយកតំបន់កំពូលតារាង។
បើទោះបីជា ការជួបគ្នា កាលពីរដូវកាល ឆ្នាំ២០២០ ទ័ព មិនធ្លាប់បានឈ្នះក្រុមបឹងកេត និងបានចាញ់ ២-០ សម្រាប់ជំនួបចុងក្រោយ ប៉ុន្តែសម្រាប់ការបង្ហាញខ្លួន នៅរដូវកាលនេះ ក្រុមទ័ព ធ្វើបានល្អជាងក្រុមបឹងកេត គឺនៅក្នុងការប្រកួត៧លើកដូចគ្នា ទ័ព បានឈ្នះ៤ ស្មើ៤ និងចាញ់តែ១ប្រកួតទេ មាន១៤ពិន្ទុ ចំណែក បឹងកេត បានឈ្នះ៤ និងចាញ់៣ដង មានតែ១២ពិន្ទុ។
ជាមួយភាពរីកចម្រើនរបស់ក្រុមទ័ព នៅពេលនេះ បឹងកេត អាចនឹងជួបការលំបាកផងដែរ សម្រាប់ការដណ្តើម៣ពិន្ទុលើកនេះ គឺមិនអាចវាយតម្លៃបានទេ ព្រោះទាំងក្រុមទ័ព និងបឹងកេត សុទ្ធតែផ្តោតខ្លាំងទៅលើការប្រកួតនេះ ខណៈការប្រកួតចុងក្រោយរបស់ក្រុមទាំង២នេះ សុទ្ធតែយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ១-០ ដូចគ្នា។
ផ្ទុយពីនេះ ក្រុមវិសាខា ដែលកំពុងឈរនៅលេខ២ មាន១៥ពិន្ទុ ត្រូវបានគេមើលឃើញថា មានភាពរយខ្ពស់ ក្នុងការដណ្តើមបាន៣ពិន្ទុបន្ថែម ព្រោះលើកនេះ ពួកគេត្រូវវិលទៅជួបក្រុមមានកម្រិតលេងទាបជាងខ្លួន សូលទីឡូអង្គរ នៅលើទឹកដីខ្លួនឯង។
ចំណែកក្រុមភ្នំពេញក្រោន ដែលបានធ្លាក់ទៅឈរនៅលេខ៥ ក្រោយស្មើ ៣-៣ ជាមួយក្រុមស្វាយរៀង នោះ ក៏មានភាគរយខ្ពស់ ក្នុងការឈ្នះ៣ពិន្ទុពីក្រុមប្រើកីឡាករខ្មែរសុទ្ធ អគ្គិសនីកម្ពុជា ផងដែរ ខណៈក្រុមស្វាយរៀង អាចមានការរំពឹងឈ្នះក្រុមខ្ចីបទពិសោធ ខេត្តព្រៃវែង ដូចគ្នា តែក៏អាចនឹងមានភាពស្វិតស្វាញ និងតានតឹងផងដែរ ព្រោះក្រុមកីឡាករវ័យក្មេងរបស់ខេត្តព្រៃវែង មានឆន្ទៈប្រកួតខ្លាំង បើទោះបីជាពួកគេ នៅមានបទពិសោធតិចជាង និងមានកីឡាករបរទេស ត្រឹម២នាក់ សម្រាប់ជួយពួកគេក៏ដោយ៕