ខ្សែ​ប្រយុទ្ធ ធ្លាប់​សាង​បាន​ភាព​ល្បី​ល្បាញ​ខ្លាំង នៅ​ក្នុង​​វិស័យបាល់​ទាត់ចាន់ វឌ្ឍនាកា ​បាន​ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ មើល​ឃើញ​ជា​ថ្មី​ម្តងទៀត​ថា ទម្រង់លេង​ដ៏​ល្អ​របស់គេ បាន​វិលមកវិញ​ហើយ បន្ទាប់ពី​អតីត​ក្រុមជម្រើសជាតិ​កម្ពុជា​រូបនេះ រក​បាន​២​គ្រាប់ ដើម្បី​ជួយ​ឱ្យក្រុមបឹងកេត ឈ្នះក្រុមកង​យោធពលខេមរភូមិន្ទ (ទ័ព) កាលពី​ថ្ងៃ​អាទិត្យ។

សម្រាប់ការ​ប្រកួតនៅលើទឹក​ដី​ខ្លួនឯង នៃកីឡដ្ឋាន​ខេមបូឌាអ៊ែរវ៉េ នោះ​ក្រុម​បឹងកេត ស្ទើរ​តែ​អស់កលល្បិច និងវិធី​សាស្រ្ត ក្នុងការទម្លុះ​រនាំង​ការពារ​របស់​ក្រុម​ទ័ព ដើម្បី​​រក​ជ័យជម្នះ​ទៅ​ហើយ ខណៈការ​ព្យាយាម​វាយលុក​របស់ពួក​គេជាបន្ត​បន្ទាប់ អាច​រយៈ​ពេល​ជាង១ម៉ោង មិនអាច​ធ្វើ​អ្វី​ក្រុមទ័ព បាន​នោះ ផ្ទុយពី​នេះ ពួក​គេ ក៏បាន​ជួប​ការ​ភិត​ភ័យ​ម្តងម្កាល តាម​រយៈការ​វាយ​បនក​លឿនៗ​របស់​ក្រុម​ទ័ព ផងដែរ។

យ៉ាង​ណាក៏​ដោយ ខណៈ​ការ​​ប្រកួតកាន់​តែ​តាន​តឹង ហើយ​ពេល​វេលា​កាន់តែ​ជិត​អស់​ដែរ​នោះ ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា បែរ​ជា​អាច​រក​បាន​គ្រាប់​បាល់​បើក​ឆាក នៅក្នុងស្ថាន​ភាព​ដ៏​គួរ​ឱ្យ​ចង់​ជឿ នៅនាទីទី​៦៩ គឺ​រូបគេ​បាន​រត់​ទៅ​ទាត់បាល់ ដែល​ភ្លាត់ចេញពី​ដៃអ្នក​ចាំទី ពីការ​ស៊ុត​របស់ ម៉ាត់ នូរុណ បាន​យ៉ាងលឿន បើទោះបីជាពេលនោះ ខ្សែ​ការពារ​ម្នាក់របស់ទ័ព បាន​លើកជើងបាំង យ៉ាង​កៀក ទៅនឹង​បាល់នោះ​ក៏ដោយ។

បន្ថែម​លើនេះ ចាន់ វឌ្ឍនាកា បាន​រក​ឃើញ​គ្រាប់​បាល់​ទី​២​របស់ខ្លួន នៅនាទីទី៨២ ខណៈ​គ្រាប់បាល់​នេះ បណ្តាលមក​ពី​អ្នក​ចាំទី​របស់ក្រុមទ័ព លោត​ចាប់​បាល់មិនបា​ន​ល្អ ធ្វើឱ្យ​នោះ​ផុត​ដៃ ធ្លាក់មក​ដល់​ជើង ចាន់ វឌ្ឍនាកា តែម្តង។

ការ​បន្ត​​ជួយ​ឱ្យក្រុម​បឹងកេត ទទួល​បាន​ជ័យ​ជម្នះ សម្រាប់​ការ​លេង ក្នុងនាមជា​កីឡាករ​ជម្រើស​ដំបូង ជា​លើក​ទី​ ៤ នេះ បាន​បង្ហាញឱ្យឃើញ​ថា អតីត​ខ្សែ​ប្រយុទ្ធ​ធ្លាប់​មាន​ឈ្មោះ​ល្បី​ល្បាញ​ខ្លាំង ចាន់ វឌ្ឍនាកា បាន​វិលមក​វិញ​ហើយ ហើយ​អ្នកគាំ​ទ្រ ក៏ចាប់​ផ្តើម​ផ្តល់ការ​គាំ​ទ្រ និងជឿជាក់​ជាថ្មី ដល់​រូបគេ ផងដែរ បន្ទាប់ពី វឌ្ឍនាកា បាន​ធ្លាក់ទម្រង់​លេង នារយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

នៅ​ក្រោយការ​ជួយ​ឱ្យក្រុមបឹងកេត ទទួលបាន​៣ពិន្ទុនេះ ចាន់ វឌ្ឍនាកា

ក៏​បាន​ធ្វើ​រឿង​ដ៏គួរ​ឱ្យ​សរសើរ​​មួយ​ផងដែរ ដោយ​រូបគេ​បាន​ទៅ​សម្តែងការ​គួសម និង​គោរព​​ទៅ​ដល់អ្នក​ចាត់ការ​ក្រុម​ទ័ព ​​លោក Lee Tae Hoon ដែល​ជា​អតីត​គ្រូ​បង្វឹក​ជម្រើសជាតិ​កម្ពុជា ហើយក៏​​ជាគ្រូ​បង្វឹក​ម្នាក់ ដែល​បាន​ជួយ​ជំរុញ​ឱ្យ វឌ្ឍនាកា មាន​ឈ្មោះ​ល្បី​ល្បាញខ្លាំង នៅ​ក្នុង​ក្រុមជម្រើសជាតិកម្ពុជា ផងដែរ។

​ភ្ជាប់ជាមួយ​​រូប​ភាព​មួយ​សន្លឹក ដែល​រូបគេ បាន​ទៅសម្តែងការគួសម​ដល់​លោក Lee ​នោះ ចាន់ វឌ្ឍនាកា ​បាន​សរសេរ​បង្ហោះ នៅ​លើ​ផេចហ្វេសប៊ុក​​របស់​ខ្លួន​​ថា៖ «បាល់​ទាត់ គឺបែប​នេះ ថ្ងៃ​ណា​មួយ​ក៏​ត្រូវ​ប្រឈម​មុខ​ជាមួយ​គ្នា។ អរគុណ​រាល់​ការ​ផ្ដល់ដំបូន្មាន​កន្លង​មក ខ្ញុំ​នៅតែ​គោរព​អរគុណ​លោក​គ្រូ (Lee Tae Hoon) សង្ឃឹម​ថ្ងៃមួយ​ យើង​នឹង​បាន​ធ្វើ​ការ​ជាមួយ​គ្នា​ម្ដង​ទៀត»៕