ក្រុមការពារតំណែងជើងឯក បឹងកេត បានវិលត្រឡប់មកលើគន្លងផ្លូវដ៏ប្រសើរវិញ ដើម្បីឆ្ពោះទៅរកការប្រកួតប្រជែងតំណែងជើងឯក នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១ បន្ទាប់ពីពួកគេ បានយកឈ្នះលើក្រុមនគរបាលជាតិ ២-០ ហើយវាក៏ជាជ័យជម្នះ៦លើកជាប់ៗគ្នារបស់ពួកគេ ផងដែរ។
តាមរយៈការប្រកួត នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ កាលពីថ្ងៃអង្គារ ម្សិលមិញនេះ ក្រុមបឹងកេត បានសម្ពាធទៅលើក្រុមភ្ញៀវជាបន្តបន្ទាប់ ហើយភាពរីករាយ ក៏បានកើតមានឡើង នៅត្រឹមនាទីទី៣១ តាមរយៈការស៊ុតបំប៉ោងសំណាញ់ទីរបស់ខ្សែប្រយុទ្ធ ម់ាត់ នូរុណ ខណៈគ្រាប់បាល់នេះ កើតចេញពីការបញ្ជូនបាល់ខ្លីៗ ដែលចេញពីខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បន្តទៅ សាន គឹមហេង ហើយ គឹមហេង ក៏បញ្ជូនកាត់ទៅឱ្យ ម៉ាត់ នូរុណ ជាអ្នកស៊ុតបញ្ចូលទីតែម្តង។
បន្ថែមទៅលើការរួមចំណែករកបានគ្រាប់ទី១នេះ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ដដែល ក៏ជាអ្នកទាត់បាល់ហ្រ្វីឃីក ទម្លាក់ទៅឱ្យកីឡាករជប៉ុនពាក់លេខ២២ Yamazaki Kenta ដើម្បីស៊ុតបាល់ធ្លាក់មិនទាន់ដល់ដីនោះ បញ្ចូលទីយ៉ាងស្អាត នៅនាទីទី៣៥ ហើយវាក៏ជាគ្រាប់បាល់ចុងក្រោយ សម្រាប់ការប្រកួតនេះផងដែរ ព្រោះការប្រកួតប្រជែងរយៈពេលជាង៥៥នាទីទៀត ក្រុមទាំង២ មិនអាចរកបានគ្រាប់បាល់ទៀតដូចគ្នា។
ជាមួយការឈ្នះបាន៣ពិន្ទុបន្ថែម នៅលើទឹកដីខ្លួនឯង លើកនេះ បានជួយឱ្យក្រុមបឹងកេត ឡើងទៅ ឈរនៅលេខ៥ ដោយមាន១៨ពិន្ទុ ស្មើជាមួយក្រុមណាហ្គាវើលដ៍ និងតិចជាងក្រុមព្រះខ័នរាជស្វាយរៀង វិសាខា ដែលមាន១៩ពិន្ទុស្មើគ្នា និងក្រុមកំពុងឈរនៅលេខ១ អង្គរថាយហ្គឺរ ដែលមាន២០ពិន្ទុ។
តាមរយៈការមានពិន្ទុប្រដេញប្រសងគ្នានេះ អាចបង្ហាញឱ្យឃើញថា ក្រុមបឹងកេត បានវិលត្រឡប់មកកាន់ការប្រកួតប្រជែងយកតំណែងជើងឯក ឡើងវិញ ក្នុងនាមជាក្រុមមានភាគរយខ្ពស់ បន្ទាប់ពីបានជួបព្យុះភ្លៀង តាមរយៈការចាញ់៣លើកជាប់ៗគ្នា កាលពីដើមរដូវកាលនោះ៕