អ្នកប្រដាល់​ជើង​ថ្មី កំពុងទទួលបានការ​ចាប់អារម្មណ៍​ខ្លាំង សូដា កូម៉ាន់ ស្ទើរតែ​សន្លប់ធំ ក្រោមកណ្តាប់ដៃ​កីឡាករអេស្ប៉ាញញ វីន័រឡាស ចាន់រាជ (VINUELAS CHANRACH) សម្រាប់ការបង្ហាញ​ខ្លួន ជា​លើកដំបូង ក្នុងកម្មវិធី Mas Fight នៅលើសង្វៀន​ថោន ទៅ​ហើយ។

តែ​ទោះបី​ជា​យ៉ាង​ណា កីឡាករ​ធ្លាប់​​​ប្រកួត​ត្រឹម​១៧​ដង ឈ្នះ​១៣ ចាញ់​៤ និង​ផ្តួលគូ​ប្រកួត​ឱ្យសន្លប់​ចំនួន​​១១​ដង សូដា កូម៉ាន់ បាន​ព្យាយាម​ងើប​​ឡើងទាំងវង្វេងវង្វាន់ បន្ទាប់ពី​រូបគេ បានទទួល​រង​ការ​ម៉ាត់ចូល​ផ្តួនៗ ពី​សំណាក់អ្នកប្រយុទ្ធ វីន័រឡាស ចាន់រាជ បណ្តាលឱ្យ​ដួលផ្កាប់មុខ នៅក្នុងនាទីទី​៤នោះ។

នៅពេល​សួរថា តើ​មាន​អ្វីជំរុញ​ចិត្ត​ដល់​រូបគេ  ចំពោះ​ការ​ខំប្រឹងក្រើក​ឈរ បន្ត​ការ​ប្រកួត​ទាំង​វង្វេងនេះ សូដា កូម៉ាន់ បានឆ្លើយតប​ថា៖​«ការ​ខំប្រឹង​ងើប​ឡើង ដើម្បី​បន្ត​ការ​ប្រកួតនេះ គឺ ខ្ញុំនឹកឃើញប៉ា ព្រោះប៉ា​ជា​កម្លាំងចិត្ត ហើយខ្ញុំដឹង​ថា​គាត់កំពុង​មើលការ​ប្រកួត​របស់ខ្ញុំ តាមការ​ផ្សាយផ្ទាល់ នៅ​ផ្ទះ។ គាត់តែង​ទូរស័ព្ទ​ជូនពរ​ដល់​ខ្ញុំ ហើយ​ប្រាប់​​ថា ស៊ូៗកូន យក​ជ័យជម្នះ​ឱ្យបាន ប៉ុន្តែ​ខ្ញុំធ្វើ​អត់បានល្អទេ គឺបានត្រឹម​ស្មើ»។

​តាម​រយៈការ​ប្រកួត កាលពី​ថ្ងៃអាទិត្យ ម្សិលមិញនោះ សូដា កូម៉ាន់ បានព្យាយាម​ប្តូរកណ្តាប់​ដៃ​ជាមួយ VINUELAS CHANRACH យ៉ាងហានក្លា ប៉ុន្តែ​ការម៉ាត់ឆ្វេងស្តាំ​ចូលពេញៗ ពីសំណាក់កីឡាករ​អេស្ប៉ាញរូបនេះ ធ្វើឱ្យ កូម៉ាន់ ដេកនៅលើសង្វៀន។ អាជ្ញាកណ្តាល បានធ្វើការរាប់ទៅ​លើ កូម៉ាន់ ភ្លាមៗ ប៉ុន្តែកីឡាករ​កម្ពុជា​រូប​នេះ បានព្យាយាម​ក្រោក​​ឈរ ដើម្បី​បន្ត​ការប្រកួតទាំងស្មារតី​វង្វេងវង្វាន់។

ស្ថិត​ក្នុងស្ថានភាព​នោះ VINUELAS CHANRACH បាន​ព្យាយាម​ចូលវាយ​សម្រុក​ទៅ​លើ សូដា កូម៉ាន់ យ៉ាង​ខ្លាំង ក្នុងបំណងផ្តួល​ឱ្យ​សន្លប់តែ​ម្តង ប៉ុន្តែ​ការព្យាយាមវាយបក​ដោយដោយកណ្តាប់​ដៃ និងកែង បានធ្វើឱ្យកីឡាករអេស្ប៉ាញនេះ ស្រុត​កម្លាំងវិញ ហើយ​លែងសូវហ៊ានវាយ​សម្រុកទៀត។

បន្ទាប់​ពីគេច​ផុតពីគ្រោះ​ថ្នាក់នេះ សូដា កូម៉ាន់ ​បានបង្ហាញ​ការ​ប្រកួត​ល្អវិញ  ហើយបាន​វាយកីឡាករ VINUELAS CHANRACH ឡើង​ចង់​ទ្រមខ្លួនផង​ដែរ មុន​ពេលអ្នកទាំង​២ ត្រូវបានប្រកាស​ឱ្យស្មើគ្នា តាមច្បាប់របស់ Mas Fight គឺ​បើគ្មាន​អ្នកសន្លប់ ឬបោះបង់ការប្រកួត ក្រោយការប្រកួត​៩បាទីទី​ពេញ ត្រូវកំណត់​ឱ្យស្មើ​គ្នា។

ជាមួយគ្នានេះ សូដា កូម៉ាន់ ក៏បានសូម​ទោស​ដល់​អ្នកគាំទ្រផងដែរ ដែល​រូបគេមិនអាច​ផ្តួលគូប្រកួតបាន ដើម្បីយកប្រាក់រង្វាន់បន្ថែម ដូចការ​រំពឹង​ទុកនោះ។ កូម៉ាន់ បាន​បញ្ជាក់ថា៖​ «គាត់ល្អដៃ និង​​ធ្ងន់ទៀត ហើយនៅមុនការប្រកួតនេះ ខ្ញុំ​បុក​ហាត់ច្រើន គឺរត់ច្រើន រួច​ចូល​​ហាត់ស៊ីហ្វ​ច្រើន និងបានឡាំ​ជង្គង់ច្រើន តែការប្រកួតនេះ ខ្ញុំ​អត់បានចូលឡាំជង្គង់ទេ ព្រោះរាងខ្លាចក្លេរបស់គេ​ដែរ ដោយ​សារ​ VINUELAS CHANRACH ពូកែ​ខាង MMA។ ខ្ញុំ​សូមទោស​ដល់ពុកម៉ែ បង​ប្អូន ទាំងអស់ ដែល​គាំទ្រ​ដល់​ខ្ញុំ​បាទ​ ព្រោះ​ថ្ងៃ​នេះ ខ្ញុំ​ធ្វើអត់បាន​ល្អ​ទេ តែ​ខ្ញុំ​សូមប្តេជ្ញាថា  ថ្ងៃក្រោយ ខ្ញុំ​នឹង​ខំប្រឹង​ប្រែង​ធ្វើ​ឱ្យ​បាន​​ល្អ»៕