បរទេស៖ ក្លឹប Paris Saint-Germain កំពុងតែពិចារណាលសំណើដេញថ្លៃក្នុងទឹកប្រាក់១៦០លានអឺរ៉ូ (ស្មើនឹង១៨៨លានដុល្លារអាមេរិក) ពីក្លិប Real Madrid សម្រាប់ខ្សែប្រយុទ្ធ Kylian Mbappé ស្របពេលដែលតារាឆ្នើមអន្តរជាតិបារាំងរូបនេះ សង្ឃឹមថា អាចបំពេញការផ្ទេររបស់ទៅកាន់ក្លិបយក្សអេស្ប៉ាញ។
កីឡាករវ័យ២២ឆ្នាំរូបនេះ នៅសល់រយៈពេលតិចជាង២ឆ្នាំប៉ុណ្ណោះក្នុងកិច្ចសន្យារបស់គេនៅរដ្ឋធានីបារាំង ក្រោយពីបានច្រានចោលសំណើបន្តកុងត្រាផ្សេងគ្នាច្រើនជាង៣លើកពីក្លិប PSG ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ បើទោះបីខ្សែប្រយុទ្ធ Lionel Messi ទើបតែបានចូលរួមជាមួយនឹងក្លិប PSG ពីក្លិប Barcelona ក៏ដោយ ប៉ុន្តែ Mbappe បានបញ្ជាក់យ៉ាងច្បាស់ថា រូបគេចង់ផ្ទេរទៅកាន់ក្របខ័ណ្ឌ La Liga ក្រោយពីបានផ្ទេរមកពីក្លិប Monaco ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងរយៈពេលវែង កាលពីឆ្នាំ២០១៧ មុននឹងបំពេញការផ្ទេរជាផ្លូវការក្នុងតម្លៃខ្លួន១៩៣,៥លានអឺរ៉ូ ក្នុងរយៈពេល១ឆ្នាំក្រោយ ។
វាត្រូវបានគេយល់ឃើញថា សំណើរបស់ក្លិប Real ត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ប៉ុន្តែ PSG មិនទាន់ឆ្លើយតបនៅឡើយទេ បើទោះបី ពេលនេះ ពួកគេអាចនឹងសម្រេចចិត្តទាញយកចំណូលពីការចេញកីឡាករម្នាក់ ដែលបានស៊ុតបាល់បញ្ចូលទីបាន១៣៣គ្រាប់ ក្នុងការប្រកួតត្រឹមតែ១៧៤លើកសម្រាប់ក្លិបនេះក្នុងរាល់យុទ្ធនាការទាំងអស់។ Mbappe ត្រូវបានទាក់ទងជាមួយនឹងការផ្ទេរមួយទៅកាន់ក្លិប Real Madrid អស់រយៈពេលជាច្រើនខែមកហើយ បើទោះបីក្លិបយក្សអេស្ប៉ាញមួយនេះ បានរងនូវការខាតបង៣០០លានអឺរ៉ូ ដោយសារតែការឆ្លងរាតត្បាតរបស់វីរុសកូវីដ ១៩ ក៏ដោយ៕
ប្រភពព័ត៌មាន៖ The Guardian