អ្នកចាំ​ទីវ័យក្មេង គង់ រ៉ាហ្វាត់ ត្រូវបានគេមើលឃើញថា គឺ​ជាតួឯក ឬជាកីឡាករ​ដ៏​សំខាន់ ដែលបានរារាំងមហិច្ឆតា​របស់​ក្រុមម្ចាស់​ផ្ទះ ភ្នំពេញក្រោន ក្នុងការ​ដណ្តើមយក៣ពិន្ទុ ពី​​ក្រុម​​កង​យោធ​ពលខេមរភូមិន្ទុ (ទ័ព) សម្រាប់ការប្រកួតនៅកីឡដ្ឋាន ស្មាត​អអេសអិន កាល​​ពី​​យប់ថ្ងៃអាទិត្យ ម្សិលមិញ។

សម្រាប់ការ​បើកដំណើរការឱ្យមានការប្រកួត​លីគកំពូលកម្ពុជា ឡើងវិញ បន្ទាប់ពីបាន​ផ្អាកអស់រយៈពេល៣សប្តាហ៍នេះ ភ្នំពេញក្រោន ត្រូវបានគេផ្តល់​ទំនុក​ចិត្ត​ថា  នឹង​អាច​ប្រើ​កីឡ​ដ្ឋាន​​របស់ខ្លួន ដើម្បីដណ្តើមយក​៣ពិន្ទុ ប៉ុន្តែ​អ្វីៗបានប្រែ​ប្រួល ក្រោម​ទម្រង់​លេង​​បិទ​យ៉ាងល្អ​របស់ទ័ព ជាពិសេស​ការជួយសង្រ្គោះ​ជា​ច្រើន​លើក​​របស់អ្នក​ចាំ​ទី គង់ រ៉ាហ្វាត់។​

តាម​រយៈការ​ប្រកួតយ៉ាងតានតឹង កាលពី​ថ្ងៃអាទិត្យ​​នោះ ប្រាក់ ធីវ៉ា បាន​ស៊ុត​បំប៉ោង​សំណាញ់​ទី​​ទៅ​លើ​​ក្រុមទ័ព បាន​យ៉ាងល្អ គឺ​ត្រឹមនាទីទី​៨ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធកំពុងឡើង​ជើង ណារ៉ុង កក្កដា បាន​ស៊ុតតាមស្មើឱ្យក្រុម​ភ្ញៀវវិញ នៅនាទីទី​១១។

ជាមួយ​លទ្ធផលស្មើគ្នា ១-១ នេះ ក្រុម​ភ្នំពេញក្រោន បានប្រើរយៈពេល​ជាង​២០​នាទីទីចុងក្រោយ ដើម្បីវាយលុកទៅលើ​ក្រុមទ័ព យ៉ាងខ្លាំង ក្នុងមហិច្ឆតា ស្វែង​រក​គ្រាប់បាល់​ជ័យជម្នះ ប៉ុន្តែ​ពួកគេ មិនអាច​ធ្វើបាន​នោះ​ទេ ព្រោះ​គ្រាប់បាល់​ស៊ុតដាច់​មាត់ជា​ច្រើនលើក​របស់​ពួកគេ ត្រូវបាន គង់ រ៉ាហ្វាត់ ជួយ​សង្គ្រោះបានរហូត ដើម្បីរក្សា​លទ្ធផលស្មើគ្នា​នេះ ដល់ចប់ការ​ប្រកួត ជា​ផ្លូវការ។

ក្រុមទ័ព មានការរីករាយ និងពេញ​ចិត្ត ទទួល​យក ចំពពោះ​ការ​ចែកគ្នា​ម្នាក់១ពិន្ទុនេះ ប៉ុន្តែ​ ភ្នំពេញ​ក្រោន ហាក់មិនសប្បាយចិត្ត ចំពោះ​ការស្មើគ្នា ១-១ នេះទេ ព្រោះ​លទ្ធផលនេះ វាបានបន្ថយភាគ​រយ​របស់ពួកគេ ក្នុងការ​ប្រជែង​យកលេខ​១ ពីក្រុម​វិសាខា បើទោះបីជា​ពេលនេះ ភ្នំពេញក្រោន នៅ​សល់ការប្រកួតក្នុងដៃតិចជាង ក្រុមវិសាខា ១ប្រកួតក៏​ដោយ។

រ៉ាហ្វាត់ក៏ពេញចិត្តចំពោះការសហការយ៉ាងល្អក្នុងចំណោមសមាជិកក្រុមទាំងអស់ ហើយគេក៏មិនអាចប្រកែកបានឡើយពីការសមត្ថភាពដ៏ល្អរបស់ភ្នំពេញក្រោន។

សម្រាប់ការ​បង្ហាញទម្រង់លេង​យ៉ាង​ល្អ នេះ អតីតអ្នកចាំទីក្រុម​គិរីវង់​សុខសែន​ជ័យ បាន​​ប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា៖​«ពិត​ណាស់​ក្នុង​ការ​ប្រកួត​យប់​មិញ នេះ វា​គឺ​ជា​ការ​ប្រកួត លំបាក ដែលមាន​ការទាត់​ចំ​គោលដៅ​ពី​ខាង​គូប្រកួត​ច្រើន​។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ដែល​ក្រុម សហ​​ការគ្នា​បាន​យ៉ាង​ល្អ​ក្នុង​តំបន់​ការពារ  ព្រោះ​ក្រុម​ភ្នំពេញក្រោន ជា​ក្រុម​ដែល​ខ្លាំង  និង​មាន​​ខ្សែ​ប្រយុទ្ធ​ល្អច្រើន»៕