ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប សូលទីឡូអង្គរ បានប្រើការលេងដោយមានទំនួលខុសត្រូវរបស់ខ្លួន ដើម្បបំផ្លាញទិសដៅស្វែងរកការឈ្នះជាលើកដំបូងរបស់ក្រុមនគរបាលជាតិ (ប៉ូលិស) សម្រាប់ប្រកួតយ៉ាងស្វិតស្វាញ នៅក្នុងផ្ទះរបស់ពួកគេ កាលពីថ្ងៃពុធ ម្សិលមិញ។
គ្រូបង្គោលក្រុមសូលទីឡូអង្គរ លោក អ៊ុក សុធី បានចាត់ទុកជំនួបជាមួយក្រុមប៉ូលិស កាលពីថ្ងៃពុធនោះ ថា ជាការប្រកួតផ្តាច់ព្រ័ត្រមួយ សម្រាប់ក្រុមសូលទីឡូអង្គរ ដែលពួកគេ ចាំបាច់ទាមទាររកពិន្ទុ ដើម្បីទៅរកទីកន្លែង ដែលមានសុវត្ថិភាពមួយ ព្រោះនៅមុនការប្រកួតនេះ សូលទីឡូអង្គរ បានឈរនៅបាតតារាង ដែលជាតំបន់ត្រូវកាត់ចោល ឱ្យទៅលេងនៅលីគទី២ នៅឆ្នាំក្រោយ។
យ៉ាងណាក៏ដោយ ជាមួយការផ្តល់ទំនុកចិត្តគ្រប់បែបយ៉ាង ទៅលើកូនក្រុម គ្រូបង្វឹកថ្មី លោក អ៊ុក សុធី ពិតជាបានជួបភាពសប្បាយរីករាយ បន្ទាប់ពីក្រុមសូលទីអង្គររបស់លោក បានបង្ហាញការប្រកួតយ៉ាងល្អ ក្រោយការតស៊ូយ៉ាងស្វិតស្វាញ ដើម្បីយកឈ្នះលើក្រុមប៉ូលិស ៣-២ នោះ។
តាមរយៈការប្រកួតនោះ ក្រុមម្ចាស់ផ្ទះសូលទីឡូ បាននាំមុខ ២-០ នៅតង់ទី១ តាមរយៈការរកបានគ្រាប់បាល់ហ្រីឃីកយ៉ាង្អរបស់ ខ្សែបម្រើ រ័ត្ន សំណាង នៅនាទីទី២៥ និងការស៊ុត១គ្រាប់ទៀតរបស់ លី ឌុក នៅនាទីទី៤៥+៣។
ទោះយ៉ាងណា ចូលដល់តង់ទី២ខ្សែបម្រើជប៉ុន Otani Soma រកបានគ្រាប់បាល់បើកឆាកឱ្យក្រុមប៉ូលិស នៅនាទីទី៧២ ហើយ Otani Soma ដដែល បានបញ្ជូនបាល់ឱ្យ អ៊ុល រ៉ាវី ទាត់បញ្ចូលទីតាមស្មើក្រុមម្ចាស់ផ្ទះ ២-២ នៅនាទីទី៧៥ ប៉ុន្តែការប្រកួតជិតបញ្ចប់ទៅហើយនោះ ពោលគឺនៅនាទីទី ៩០+១ រ័ត្ន សំណាង បានតែតបញ្ចូលទីរកបានគ្រាប់បាល់ជ័យជម្នះឱ្យក្រុមសូលទីឡូអង្គរ យ៉ាងរំភើបបំផុត។
តាមរយៈការយកឈ្នះ ៣-២ វាមិនត្រឹមតែបានជួយឱ្យក្រុមសូលទីឡូអង្គរ ហក់ចេញពីតំបន់កាត់ចោល មកឈរនៅលេខ១២ ប៉ុណ្ណោះទេ ប៉ុន្តែវាជ័យជម្នះដ៏សំខាន់ និងមានតម្លៃបំផុត ដែលពួកគេរកបាន ជាលើកដំបូង ក្នុងរដូវកាលឆ្នាំ២០២១នេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកវ័យក្មេង អ៊ុក សុធី។
ផ្ទុយពីនេះ ជ័យជម្នះរបស់ក្រុមសូលទីឡូអង្គរ នេះ វាបានបំផ្លាញទិសដៅនៃការកបាន៣ពិន្ទុរបស់គ្រូបង្គោលរបស់ប៉ូលិស លោក អ៊ុក កនយ៉ានិត ព្រោះនៅមុនការប្រកួតនេះ លោកបានប្រាប់ថា «ទិសដៅដែលយើងបានដាក់ចេញលើកនេះ គឺត្រូវតែដណ្តើមឱ្យបាន៣ ពិន្ទុ» ប៉ុន្តែក្រុមប៉ូលិស មិនអាចធ្វើបាននោះទេ ហើយក៏បានធ្លាក់ទៅឈរនៅបាតតារាង ជំនួសក្រុមសូលទីឡូអង្គរវិញ ដោយមានពិន្ទុដដែល និងជាក្រុមតែមួយគត់ ដែលមិនទាន់រកឃើញការឈ្នះ នៅរដូវកាលនេះ៕