បរទេស៖ Kylian Mbappe ទើបតែបានច្រានចោលការព្យាយាមបន្តកុងត្រាចុងក្រោយពីសំណាក់ក្លឹប Paris Saint-Germain ខណៈដែលនៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះលើកិច្ចសន្យាដែលមានសុពលភាព ខណៈដែលក្រុមយក្សអេស្បាញ Real Madrid នៅតែអន្ទងតាមប្រម៉ាញ់យករូបគេមិនឈប់ឈររហូតដល់ពេលទីផ្សារដោះដូរកីឡាករបានបិទបញ្ចប់ជាលើកទី១កាលពីថ្ងៃ៣១សីហា ២០២១ កន្លងទៅ។

ទោះបីជាប្រធានក្លឹបជើងឯកទ្វីបអឺរ៉ុប១៣សម័យ បានដាក់សំណើរតម្លៃខ្លួនដល់ទៅជាង ២០០ លានផោនដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំរូបនេះ ប៉ុន្តែក្រុមយក្សបារាំងបានត្រឹមតែឆ្លើយបដិសេធចំពោះសំណើរខាងលើនេះ ខណៈដែលReal Madridនៅតែមិនបោះបង់ ហើយត្រៀមប្រជែងដេញថ្លៃយករូបគេជាលើកទី២នៅរដូវកាល ។

ប្រភពពីសារព័ត៌មានបារាំង Le Parisian បានចុះផ្សាយថាៈក្រុមលោកMauricio Pochettino បានផ្តល់ប្រាក់ឈ្នួលប្រមាណ ៤៥ លានផោនក្នុងមួយឆ្នាំដើម្បីបន្តការស្នាក់នៅ ជាមួយក្លឹបបានជាច្រើនរដូវកាលទៀត។ មានន័យថាចំនួនខាងលើគឺជាប្រាក់ពលកម្មនឿយហត់ថ្លៃបំផុត បំផុតនៅលើពិភពលោកដោយឈាន មុខកំពូលខ្សែប្រយុទ្ធកាន់ឆ្នាំដ៏ល្បីល្បាញរបស់ពិភពលោកដែលកំពុងមានវត្តមាននៅលីកកំពូលពីរផ្សេងគ្នាគឺកីឡាករ Cristiano Ronaldo និង Lionel Messi ទៅទៀត។ ទោះយ៉ាងណាខ្សែប្រយុទ្ធសញ្ជាតិបារាំងដែលនៅមានមានអនាគតវែងឆ្ងាយរូបនេះបានបដិសេធចោលទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ហើយបន្តស្រវ៉ាប់ចាប់ក្តីស្រមៃចង់ផ្លាស់ទៅកាន់កីឡាដ្ឋានSantiago Bernabeu នាពេលខាងមុខនេះអោយខាងតែបាន៕
ប្រភពព័ត៍មាន៖ Sportskeeda
 
                