ការប្រកួតលីគកំពូលកម្ពុជា នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ ត្រូវបានគេមើលឃើញថា ក្រុមអាស៊ីអឺរ៉ុប អគ្គិសនីកម្ពុជា និងក្រុមសូលទីឡូអង្គរ នឹងក្លាយជាមុខសញ្ញា ដែលត្រូវប្រឈមនូវសម្ពាធខ្លាំង ពីការប្រជែងគ្នា ដោយប្រយោលរបស់ក្រុមខ្លាំងៗ ហើយក្រុមគិរិវង់សុខសែនជ័យ ក៏នឹងជួបភាពតានតឹងដូចគ្នា។
ក្រុមគិរីវង់សុខសែនជ័យ នឹងត្រូវបើកកីឡដ្ឋានរបស់ខ្លួន ដើម្បីស្វាគមន៍ក្រុមកំពុងឈរនៅកំពូលតារាង វិសាខា ដែលត្រូវការឈ្នះខ្លាំងបំផុត ដើម្បីរក្សាទីតាំងលេខ១របស់ខ្លួន ពីការប្រជែងរបស់ក្រុមបឹងកេត អង្គរថាយហ្គឺរ ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន និងណាហ្គាវើលដ៏ ជាដើម។
តែទោះបីជាយ៉ាងណា ក្រុមគិរីវង់ មិនបានខ្លាចរអានឹងភាពខ្លាំងរបស់ក្រុមវិសាខា ដែលឈ្នះ៦ ស្មើ៤ និងមិនធ្លាប់ចាញ់នោះនោះទេ។ ផ្ទុយទៅវិញ ក្រុមកំពុងឈរនៅលេខ៨ មួយនេះ មានការជឿជាក់ថា ពួកគេនឹងអាចយកឈ្នះ ដើម្បីបំផ្លាញចោល នៅកំណត់ត្រាដ៏ល្អនេះរបស់វិសាខា។
លោក Florian Buadrit អគ្គលេខាធិការរបស់ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ បានប្រាប់កាសែតក្នុងស្រុកមួយថា៖«វិសាខា ពិតជាក្រុមដ៏ធំមួយ ដែលមិនទាន់ស្គាល់ការចាញ់សោះ នៅលីគកំពូលកម្ពុជា ឆ្នាំ២០២១។ ក្រុមនេះ មានកីឡាករល្អ និងមានខ្សែប្រយុទ្ធខ្លាំង តែពិតណាស់យើង នឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីឈ្នះការប្រកួតនេះ ព្រោះនេះជាការប្រកួត នៅលើទឹកដីរបស់យើង ហើយយើងមានការលើកទឹកចិត្តយ៉ាងពេញទំហឹង ដើម្បីក្លាយជាក្រុមដំបូង ដែលអាចយកក្រុមវិសាខា នៅរដូវកាលនេះ»។
យ៉ាងណាក៏ដោយ គេមិនរំពឹងច្រើនទេថា ក្រុមគិរីវង់ អាចយកឈ្នះក្រុមវិសាខា បាន ព្រោះវិសាខា ជាក្រុមខ្លាំង ហើយពួកគេ ត្រូវការឈ្នះខ្លាំងបំផុត ហើយខ្សែការពារកណ្តាលរបស់វិសាខា ធារី ចន្ថាប៊ីន ធ្លាប់បានប្រាប់ហើយថា ពួកគេនឹងរក្សាកំណត់ត្រាមិនធ្លាប់ចាញ់រហូតដល់ចប់រហូតកាល។
ចំណែកការរងសម្ពាធរបស់ក្រុមអាស៊ីអឺរ៉ុប អគ្គិសនីកម្ពុជា និងក្រុមសូលទីឡូអង្គរ ដោយសារតែក្រុមទាំង៣នេះ ត្រូវប្រឈមមុខជាមួយក្រុមខ្លាំង បឹងកេត អង្គរថាយហ្គឺរ និងក្រុមភ្នំពេញក្រោន ដែលក្រុមទាំង៣នេះ សុទ្ធតែមានហិច្ឆតាចង់ឈ្នះខ្លាំង ដើម្បីប្រជែងគ្នាយកលេខ១ និងរក្សាខ្លួន នៅក្នុងតំបន់កំពូលតារាង។
នៅក្នុងចំណោមក្រុមទាំង៣នេះ អាស៊ីអឺរ៉ុប បានក្លាយជាគោលដៅទី១ របស់ក្រុមភ្នំពេញក្រោន ដែលពួកគេត្រូវយកឈ្នះឱ្យបាន ព្រោះលោក Oleg Starynskyi គ្រូបង្គោលភ្នំពេញក្រោន បានដាក់ទិសដៅរួចហើយថា ត្រូវតែឈ្នះទាំង៣ប្រកួត ដែលនៅសល់ ក្នុងជើងទី១នេះ។
លោក Oleg Starynskyi បាននិយាយ ក្រោយពេលក្រុមភ្នំពេញក្រោន ស្មើ ១-១ ជាមួយក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) ថា៖ « ខ្ញុំជាគ្រូបង្វឹក ដែលរីករាយ ជាមួយអ្វី ដែលខ្ញុំបានធ្វើជាមួយនឹងក្លិប ព្រោះយើងមានមហិច្ឆតាដ៏ធំរបស់យើង ហើយខ្ញុំក៏រីករាយដូចគ្នា ដែលបានធ្វើការជាមួយកីឡាករ មានមហិច្ចតាខ្លាំងដូចគ្នា។ យើងត្រូវតែឈ្នះគ្រប់ការប្រកួតដែលនៅសល់ ហើយនេះគឺជាអ្វី ដែលយើងរំពឹងទុក ការប្តេជ្ញាចិត្ត និងការគិតនៅក្នុងខ្លួនរបស់យើងជានិច្ច»។
ចំណែកក្រុមទ័ព ក៏ត្រូវប្រឈមមុខជាមួយក្រុមព្រះខ័នរាជស្វាយរៀង នៅថ្ងៃអាទិត្យនេះផងដែរ ហើយជំនួបនេះ អាចនឹងមានភាពស្វិតស្វាញខ្លាំងជាងគូផ្សេងៗ ព្រោះកម្រិតលេងរបស់ក្រុមទាំង២នេះ មិនលើសខ្វះគ្នាប៉ុន្មានទេ ប៉ុន្តែសម្រាប់អ្នកគាំទ្រភាគច្រើន គឺបានផ្តល់ទំនុកចិត្តទៅលើក្រុមម្ចាស់ផ្ទះ ស្វាយរៀង ច្រើនជាង៕