បរទេស៖ លោក Mauricio Pochettino គ្រូបង្វឹករបស់ក្លិប Paris Saint-Germain បានបង្ហើបកាលពីថ្ងៃអង្គារថា ខ្សែប្រយុទ្ធចំណូលថ្មី Lionel Messi នឹងស្ថិតក្នុជម្រើសទាំង១១នាក់ដំបូងជាលើកទី១រួមជាមួយនឹងតារាឆ្នើម Neymar និង Kylian Mbappe ក្នុការប្រកួតបើកឆាករបស់ក្រុមលោកក្នុងក្របខ័ណ្ឌ Champions League ជាមួយនឹង Club Brugge។
ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះ ដែលបានចាកចេញពីក្លិប Barcelona ដោយគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ មិនទាន់បានបង្ហាញខ្លួនឲ្យក្រុមយក្សរបស់បារាំង PSG រួមជាមួយនឹងតារាឆ្នើមទាំង២នាក់ផ្សេងទៀតនៅឡើយទេ ហើយលោក Pochettino ពិតជាស្រេកឃ្លានក្នុងការចែករំលែកភាពរំភើបជាមួយនឹងអ្នកគាំទ្ររបស់ PSG។ លោក Pochettino បានប្រាប់សន្និសីទសារព័ត៌មាន នៅមុនពេលការប្រកួតនៅរាត្រីនេះថា៖ «Messi, Neymar និង Mbappe នឹងលេងជាមួយគ្នា? ខ្ញុំពិតជារំភើបចំពោះការចាប់ដៃគូគ្នានេះ ហើយខ្ញុំគឺដូចអ្នកគ្រប់គ្នាអ៊ីចឹង ព្រោះខ្ញុំនឹងឆ្កួត បើខ្ញុំមិនចង់ឃើញពួកគេលេងក្នុងការប្រកួតតែមួយជាមួយគ្នាទេនោះ។ តើយើងនឹងឃើញពួកគេលេងជាមួយគ្នាទេនៅថ្ងៃស្អែកនេះ? ប្រហែលជាចឹងឯង»។
ក្នុងរយៈពេលច្រើនជាង១ខែ បើគិតចាប់តាំងពី Messi បានចូលរួមជាមួយនឹង PSG រូបគេត្រូវបានគេឃើញថា បានលេងឲ្យក្លិបថ្មីរបស់គេត្រឹមតែ២៤នាទីគត់ ក្នុងនាមជាកីឡាករបម្រុងក្នុងក្របខ័ណ្ឌ Ligue 1 លើទឹកដីក្រុម Reims។ ប៉ុន្តែ ទោះបីជាយ៉ាងណា លោក Pochettino ពេលនេះ នឹងបញ្ចេញតារាឆ្នើមដែលជាម្ចាស់ពានបាល់មាស Ballon d’Or ៦សម័យកាលរបស់លោកឲ្យលេងក្នុងជម្រើសទាំង១១នាក់ដំបូង នៅកីឡដ្ឋាន Jan Breydel ពេលប្រកួតជាមួយនឹងក្រុមជើងឯករបស់បែលហ្ស៊ិក ក្នុងការប្រកួតបើកឆាកក្នុងពូល A៕
ប្រភពព័ត៌មាន៖ Channel News Asia