បរទេស៖ លោក Mauricio Pochettino គ្រូបង្វឹក Paris Saint-Germain បានការពារការសម្រេចចិត្តរបស់លោក ក្នុងការដកខ្សែប្រយុទ្ធ Lionel Messi ចេញ ខណៈដែលអតីតតារាឆ្នើមរសប់ក្លិប Barcelona រូបនេះ បានបង្ហាញខ្លួនជាលើកដំបូងលើទឹកដីរបស់ក្រុមខ្លួន ក្នុងការប្រកួតក្របខ័ណ្ឌ Ligue 1 ពេលប្រកួតជាមួយនឹងក្រុម Lyon កាលពីថ្ងៃអាទិត្យ។
Messi បានបង្ហាញពីទម្រង់លេងយ៉ាងល្អនៅតង់ទី១ នាកីឡដ្ឋាន Parc des Princes ប៉ុន្តែ បានធ្លាក់ចុះទម្រង់លេងវិញនៅតង់ទី២ និងត្រូវបានជំនួសដោយកីឡាករ Achraf Hakimi នៅរយៈពេល១៥នាទីចុងក្រោយ ក្នុងពេលស្ថិតក្នុងលទ្ធផលស្មើ ១-១។ PSG បានទទួលជ័យជម្នះក្នុងលទ្ធផល ២-១ នៅជិតបញ្ចប់ការប្រកួត ក្រោយពីខ្សែប្រយុទ្ធ Mauro Icardi បានតែតបាល់បញ្ចូលទីយ៉ាងល្អ។ លោក Pochettino បានឲ្យដឹងថា៖ «គ្រប់គ្នាដឹងថា យើងមានកីឡាករឆ្នើមៗជាច្រើន ពោលគឺក្រុមមួយដែលមានកីឡាករ៣៥នាក់។ នេះគឺជាការសម្រេចចិត្តរបស់ខ្ញុំ។ យើងអាចមានតែកីឡាករ១១នាក់គត់ នៅលើទីលាន ក្នុង១ប្រកួត»។
គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំគិតតែលើការសម្រេចចិត្តដ៏ល្អបំផុតប៉ុណ្ណោះក្នុងការប្រកួតនីមួយៗសម្រាប់កីឡាករម្នាក់ៗ ដូចគ្រូបង្វឹកទូទៅដែរ។ យើងនៅទីនេះ ដើម្បីសម្រេចចិត្ត។ ពេលខ្លះ គេនឹងរីករាយនឹងការសម្រេចចិត្តនេះ ពេលខ្លះគេមិនរីករាយឡើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia