បរទេស៖ នេះគឺជាពេលវេលាដែលអ្នកគាំទ្រទន្ទឹងរង់ចាំអស់រយៈពេលជាយូរមកហើយ បើគិតចាប់តាំងពី Lionel Messi ត្រូវបានប្រកាសថា ជាកីឡាកររបស់ក្លិប Paris Saint-Germain កាលពីជិត២ខែមុន។
ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះ បានបង្ហាញខ្លួនមិនពេញលេញឡើយសម្រាប់ក្លិបថ្មីរបស់គេ និងមិនបានស៊ុតបាល់បញ្ចូលទីសូម្បីតែ១គ្រាប់ ប៉ុន្តែ បានជ្រើសរើសប្រើប្រាស់ពេលដ៏ល្អមួយដើម្បីបង្កើតការភ្ញាក់ផ្អើលក្នុងការប្រកួតដ៏រំភើបក្នុងក្របខ័ណ្ឌ Champions League ជាមួយនឹងក្រុម Manchester City កាលពីថ្ងៃអង្គារ។ Messi បានស៊ុតបាល់ពីចម្ងាយបញ្ចូលទីយ៉ាងល្អឥតខ្ចោះ ដើម្បីជួយឲ្យក្រុម PSG នាំមុខ ២-០ ក្នុងពេលប្រកួតជាមួយនឹងក្រុមរបស់លោក Pep Guardiola នៅនាទី ទី៧៤ ដើម្បីដណ្តើមបានជ័យជម្នះដ៏កក់ក្តៅមួយ និងជាការផ្ញើសារមួយទៅកាន់ក្រុមផ្សេងទៀតនៅអឺរ៉ុប នៅរដូវកាលនេះ។

Soccer Football – Champions League – Group A – Paris St Germain v Manchester City – Parc des Princes, Paris, France – September 28, 2021 Paris St Germain’s Lionel Messi lies on the pitch to defend a free-kick REUTERS/Benoit Tessier
លោក Guardiola ដែលធ្លាប់ភ្លក្សរសជាតិនៃការបង្ហាញពីទម្រង់លេងយ៉ាងល្អរបស់ Messi កាលពីមុន ពេលប្រកួតជាមួយនឹងក្រុម Barcelona ក្នុងនាមជាគ្រូបង្វឹករបស់ Bayern Munich នោះ បានចាត់ទុកអតីតកូនសិស្សរបស់ខ្លួន «ជាកីឡាករមិនអាចបញ្ឈប់បានឡើយ»។ លោក Mauricio Pochettino គ្រូបង្វឹករបស់ PSG បាននិយាយសរសើរថា៖ «ជាធម្មតា ខ្ញុំមិនអបអរចំពោះការរកបានគ្រាប់បាល់ឡើយ ប៉ុន្តែ គ្រាប់បាល់មួយនេះខ្ញុំបានអបអរ»៕
ប្រភពព័ត៌មាន៖ Channel News Asia