បរទេស៖ ក្រុម Sheriff Tiraspol បានបង្កើតឲ្យមានលទ្ធផលដ៏ភ្ញាក់ផ្អើលមួយក្នុងចំណោមលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ តាមរយៈការផ្តួលក្រុមជើងខ្លាំង Real Madrid ២-១ នាកីឡដ្ឋាន Santiago Bernabeu ខណៈដែល Sebastien Thill ជាអ្នករកគ្រាប់បាល់ឈ្នះដ៏អស្ចារ្យនៅនាទី ទី៨៩។
ខ្សែប្រយុទ្ធ Frank Castaneda ដែលជាប្រធានក្រុម Sheriff បានឲ្យដឹងថា៖ «សម្រាប់យើង នេះគឺជាសុបិនមួយដែលក្លាយជាការពិត ក្នុងការដណ្តើមបានជ័យជម្នះនៅទីនេះ។ យើងពិតជារីករាយណាស់ និងរំភើប»។ ខ្សែប្រយុទ្ធកូឡុំប៊ីរូបនេះ បានបន្ថែមទៀតថា៖ «យើងមកទីនេះដើម្បីឈ្នះ។ យើងមិនបានមកទីនេះដើម្បីអង្គុយមើលគេឡើយ។ យើងដឹងពីកម្រិតខ្លាំងរបស់កីឡាករយើង និងសំណាងសម្រាប់យើង។ Real មិនអាចដណ្តើមយកឱកាសរបស់ពួក គេ ហើយយើងដណ្តើមយកឱកាសរបស់យើង»។
Real Madrid បានដេញតាមពីក្រោយតាមរយៈគ្រាប់បាល់របស់ Jasurbek Yakhshiboev នៅតង់ទី១ ប៉ុន្តែ គ្រាប់បាល់ប៉េណាល់ទីរបស់ Karim Benzema ទំនងដូចជាការជួយឲ្យក្រុមម្ចាស់ផ្ទះដណ្តើមបាន១ពិន្ទុទៅហើយ នៅមុនពេល Thill រកបានគ្រាប់បាល់ឈ្នះ។ លទ្ធផលនេះ នឹងត្រូវចាត់ទុកថា ជាលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតមួយ ក្នុងប្រវត្តិសាស្ត្រនៃយុទ្ធនាការនេះ និងធ្វើឲ្យក្រុម Sheriff កាន់តែសង្ឃឹមខ្ពស់ក្នុងការឈានទៅវគ្គ១៦ក្រុមចុងក្រោយ៕
ប្រភពព័ត៌មាន៖ Channel News Asia