បរទេស៖ ខ្សែការពារ Giorgio Chiellini បានបញ្ជាក់កាលពីថ្ងៃអង្គារថា ការប៉ះជាមួយនឹងក្រុម Chelsea នឹងក្លាយការប្រកួតដ៏ងាយស្រួលបំផុតដែលក្រុម Juventus ត្រូវប្រកួតនៅសប្តាហ៍ខាងមុខនេះ ខណៈដែលពួកគេត្រូវប្រកួតជាមួយនឹងក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបមួយនេះ នៅរាត្រីនេះ។
ក្រុមសេះបង្កង់ Juventus នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមតោខៀវ ក្នុងការប្រកួតពូល H នាកីឡដ្ឋាន Allianz នៅថ្ងៃពុធនេះ ក្រោយពីបានជួបភាពត្រដាបត្រដួសនៅដើមរដូវកាលនៃក្របខ័ណ្ឌ Serie A មកទល់ពេលនេះ ដែលនាំឲ្យពួកគេធ្លាក់ទៅឈរក្នុងចំណាត់ថ្នាក់លេខ១០ ក្រោយពីការប្រកួត៦លើក។ ប៉ុន្តែ ខ្សែការពារជើងចាស់អន្តរជាតិអ៊ីតាលី Chiellini ជឿជាក់ថា ឱកាសប្រកួតដ៏សំខាន់នេះ នឹងជួយឲ្យក្រុមរបស់គេបង្ហាញពីកម្រិតលេងដ៏ខ្លាំងបំផុត។ Chiellini ប្រធានក្រុមនៃក្រុម Juventus បានឲ្យដឹងថា៖ «នៅថ្ងៃស្អែកនេះ គឺជាថ្ងៃប្រកួតដ៏ងាយស្រួលបំផុតដែលយើងនឹងលេងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ទាំងអស់នេះ សុទ្ធសឹងជាការប្រកួតដ៏អស្ចារ្យ ពីព្រោះពួកគេយើងងាយស្រួលក្នុងការត្រៀមខ្លួន។ ភាពស្វិតស្វញនឹងកើតឡើងខ្ពស់បំផុត ហើយអ្វីៗក៏ស្ថិតក្នុងកម្រិតខ្ពស់បំផុតផងដែរ»។
ខ្សែការពាររូបនេះបានបន្ថែមទៀតថា៖ «យើងនឹងត្រូវលេងការប្រកួតលើទឹកដីខ្លួនឯងជាលើកដំបូងក្នុងក្របខ័ណ្ឌ Champions League ជមួយនឹងក្រុមម្ចាស់ការពារជើងឯកទ្វីបអឺរ៉ុប ដែលកាន់តែខ្លាំងជាមុនទៅទៀត បើគិតចាប់តាំងពីឈ្នះពាននេះ ហេតុនេះ វានឹងក្លាយជាការប្រកួតដ៏អស្ចារ្យ និងលំបាកដូចការរំពឹងទុក»។ ក្រុម Juventus របស់លោក Massimiliano Allegri កំពុងតែនាំមុខក្នុងពូល ក្រោយពីផ្តួលក្រុម Malmo ៣-០ ខណៈ Chelsea ផ្តួល Zenit Petersburg ១-០៕
ប្រភពព័ត៌មាន៖ Channel News Asia