បរទេស៖ លោក Ole Gunnar Solskjaer បាន​ទទួលស្គាល់​ថា ក្រុម Manchester United «ពិត​ជា​មាន​សំណាង​ណាស់» ក្រោយពី​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​អប​អរ​ការ​បង្ហាញខ្លួន​ក្នុង​ក្រប​ខ័ណ្ឌ Champions League ជាលើក​ទី​១៧៨​របស់​គេ តាមរយៈ​ការរក​គ្រាប់​បាល់​ឈ្នះ​នៅនាទី ទី​៩៥ ដើម្បីផ្តួល​ក្រុម Villarreal ក្នុងលទ្ធ​​ផល ២-១ នាកីឡដ្ឋាន Old Trafford កាលពីថ្ងៃពុធ​។

ម្ចាស់​​ពាន​រង្វាន់​បាល់​មាស Ballon d’Or ៥​សម័យកាល​រូបនេះ កម្រ​​មាន​ឱកាស​ស៊ុត​បាល់​ក្នុង​តំបន់​ប្រយុទ្ធ​ណាស់ រហូត​ទាល់​តែ​​រូប​គេ​បាន​ស៊ុត​បាល់​ផុត​ដៃ​អ្នក​ចាំទី Geronimo Rulli ដើម្បី​រក​គ្រាប់បាល់​ទី​៥​របស់ ពីការ​ប្រកួត​៥លើក បើគិត​ចាប់​តាំងពី​វិល​ទៅកាន់ក្លិប Man United វិញ​។ ក្រុម​របស់​លោក Solskjaer ហាក់ដូច​ជា​ត្រូវ​ប្រឈម​មុខ​នឹងការ​ធ្លាក់​ចេញ​យ៉ា​ង​​អា​ម៉ាស ត្រឹម​វគ្គ​ចែកពូលនៃក្រប​ខ័ណ្ឌ Champions League ទៅហើយ ក្រោយពី​បាន​របូត​គ្រាប់បាល់​នៅ​ដើម​តង់ទី​២ តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាងល្អ​របស់ Paco Alcacer​។ កីឡាករ Alex Telles បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​ដើម្បី​រក​គ្រាប់​បាល់​តាមស្មើ​វិញ​ភ្លាម​ៗ ប៉ុន្តែ ពួក​គេ​ទំនង​ដូច​ជា​ត្រូវ​​ដណ្តើម​បាន​ត្រឹម​តែ​១ពិន្ទុ​ក្នុង​ការ​ប្រកួត​ពូល F ទៅហើយ នៅមុន​ពេល Ronaldo បាន​រក​គ្រាប់បាល់​កាត់សេចក្តី​។

បើ​ទោះ​បី​លទ្ធផល​បែបនេះ​ក៏ដោយ Man United មិន​បាន​បង្ហាញ​ពី​ទម្រង់​លេង​ដ៏រឹងមាំ​ឡើយ ដែលនាំ​ឲ្យ​មាន​សំណួរ​ជាច្រើន​សួរ​ថា តើ​លោក Solskjaer គឺ​ជា​អ្នក​​អាច​ទាញ​យក​សមត្ថភាព​ដ៏ខ្លាំង​​បំផុត​ពីក្រុម​បិសាចក្រហម​មួយនេះ ឬ​អត់ ខណៈ​ដែល​តារាឆ្នើម​ៗ​របស់​លោក​ហាក់​ដូច​ជាមិន​ទាន់​លេង​ស៊ី​សង្វាក់គ្នា​នៅឡើយ​ទេ​៕

ប្រភព​​ព័ត៌​មាន៖ Channel News Asia