រប្រកួតប្រជែងដណ្តើមគ្នាយក៣ពិន្ទុ រវាងក្រុមបឹងកេត និងព្រះខ័នរាជស្វាយរៀង និងការវិលមកជួបគ្នារវាងក្រុមណាហ្គាវើលដ៍ និង ភ្នំពេញក្រោន នៅរសៀលម៉ោង ៣:៣០ ថ្ងៃព្រហស្បតិ៍ វានឹងក្លាយជាសង្រ្គាម នៅលើវាលស្មៅ ដែលនឹងមានភាពស្វិតស្វាញ និងជក់ចិត្តខ្លាំង ព្រោះការឈ្នះ៣ពិន្ទុ វាសុទ្ធតែជារឿងចំបាច់ ដែលក្រុមទាំង៤ ត្រូវការខ្លាំងដូចគ្នា។
សម្រាប់ការបើកទ្វារកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ នៅថ្ងៃនេះ វាក៏ជាពេលដែលក្រុមបឹងកេត ត្រូវរក្សាឱ្យបាននៅជ័យជម្នះ ដែលពួកគេ ធ្លាប់បានយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ២-១ កាលពីជើងទី១ ផងដែរ ប៉ុន្តែអ្វីៗ វាស្ថិតនៅក្នុងភាពមិនប្រាកដនោះទេ ព្រោះស្វែងរក ដែលកំពុងមាន៣៤ពិន្ទុស្មើជាមួយក្រុមភ្នំពេញក្រោន និងវិសាខា គឺត្រូវការឈ្នះខ្លាំងបំផុត ព្រោះការបើសិនជា ពួកគេបន្តចាញ់ បឹងកេត លើកនេះទៀត គឺមានន័យថា ភាគរយ ក្នុងការឆ្ពោះទៅប្រជែងយកពាន របស់ ស្វាយរៀង នឹងត្រូវធ្លាក់ចុះ។
ជាមួយគ្នានេះ បឹងកេត ដែលកំពុងឈរនៅលេខ៤ ដោយមាន៣៣ពិន្ទុនោះ ក៏ត្រូវការឈ្នះខ្លាំងដូចគ្នា ព្រោះការមានឱកាស ឡើងទៅប្រជែងយកពាន ឬក៏អត់នោះ វាក៏អាស្រ័យទៅលើការប្រកួតនេះដែរ។ បើសិនជា បឹងកេត ចាញ់ នោះពួកគេ នឹងមានគម្លាតពិន្ទុ កាន់តែច្រើន ពីក្រុមឈរនៅកំពូលតារាង ហេតុនេះឱកាស ក្នុងការប្រជែងយកពាន ក៏ធ្លាក់ចុះ ទៅតាមនោះដែរ ព្រោះនេះជាការប្រកួតលើកទី៣ ក្នុងជើងទី២ រវាងពួកគេ គឺមានន័យថា ក្រោយពីការប្រកួតនេះ ពួកគេ នៅសល់ត្រឹម៤ប្រកួតទៀតប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ក្រុមភ្នំពេញក្រោន ដែលស្ថិតក្នុងចំណោមក្រុមទាំង៣ ដែលកំពុងមានពិន្ទុលើសគេ គឺ៣៤ពិន្ទុដូចគ្នាជាមួយក្រុមវិសាខា និងក្រុមស្វាយរៀង នោះ ក៏ស្ថិតនៅក្នុងភាពមិនប្រាកដ ក្នុងការប្រជែងយក៣ពិន្ទុដូចគ្នា ព្រោះណាហ្គាវើលដ៍ វានៅតែជាបន្លាក្នុងកែវភ្នែក ដែល ភ្នំពេញក្រោន មិនអាចដើររំលង ដោយងាយស្រួលនោះទេ។
សម្រាប់ការប្រកួត កាលពីជើងទី១ ភ្នំពេញក្រោន បានប្រើពេលរហូតដល់នាទីទី៨៤ ដើម្បីរកបានគ្រាប់បាល់តាមស្មើ ក្រុមណាហ្គាវើលដ៍ ១-១ ដែលជាការស៊ុតពីចម្ងាយរបស់ខ្សែប្រយុទ្ធ Mathues E Silva ខណៈណាហ្គា បាននាំមុខ ១-០ តាំងពីចុងតង់ទី១ ដែលស៊ុតបានសម្រេចដោយខ្សែប្រយុទ្ធជើងចាស់ ឃីម បូរី នោះ។
យ៉ាងណាមិញ សម្រាប់ការប្រកួតជើងទី១នេះ ទាំងណាហ្គាវើលដ៍ និង ភ្នំពេញក្រោន មិនមានការនាំយកកីឡាករចំណូលថ្មី មកជួយក្រុមដូចគ្នា។ តែទោះបីជាយ៉ាងណា ណាហ្គាវើលដ៏ ក៏មានវិបត្តិធនធានកីឡាករជាង ភ្នំពេញក្រោន ខណៈកីឡាករសំខាន់ៗមួយចំនួន មិនអាចចូលលេងបាន ដោយបញ្ហារបួស ខណៈ វ៉ា ខ្វិនទីន បានចាកចេញ ហើយ ពេជ្រ សុវណ្ណខេមរិន្ទ្រ បានបញ្ចប់អាជីពបាល់ទាត់ ព្រោះមានបញ្ហា នៅក្នុងគ្រួសារនោះ។
ជាមួយគ្នានេះ ក្រុមដែលឈរ នៅឈរចំណាត់ថ្នាក់ក្រោមទាំង៥ ចំនួន៤ក្រុម ក៏ត្រូវប្រកួតប្រជែង នៅថ្ងៃនេះដែរ ដោយក្នុងនោះ ក្រុមនគរបាលជាតិ ត្រូវស្វាគមន៍ក្រុមឈរនៅបាតតារាង សូលទីឡូអង្គរ ហើយក្រុមអគ្គិសនីកម្ពុជា ត្រូវធ្វើដំណើរទៅជួបក្រុមខេត្ត ព្រៃវែង ដែលជំនួបទាំង២គូនេះ ធ្វើឡើង នៅម៉ោង ៣:៣០ ដូចគ្នា៕