​​គ្រូ​បង្គោល​​ស្តី​ទី លោក Akeeb Tunji Ayoyinka មិន​បាន​ធ្វើ​ឱ្យ ក្រុម​វិសាខា ថមថយ​នៅ​ឱកាស​ប្រជែង​យក​ពាន​លីគ​កំពូល​កម្ពុជា ក្រោម​ការ​ដឹក​នាំ​ដោយ​ផ្ទាល់ ជា​លើក​ដំបូង​​របស់​លោកនោះ​ទេ បន្ទាប់ពី វិសាខា បាន​​យក​ឈ្នះ​ក្រុម​គិរីវង់​សុខសែន​ជ័យ កាន់តែ​ធំ និងកាន់តែ​រំភើប កាលពី​ថ្ងៃពុធ ប៉ុន្តែ​ក្រុម​កងយោធពលខេមរភូមិន្ទ (ទ័ព) នៅតែ​បន្ត​ជួប​ភាពសោក​សៅ ក្រោមស្នាដៃ ក្រុម​អង្គរថាយហ្គឺរ ទោះ​ជំនួប​លើក​នេះ ធ្វើ​នៅ​​កីឡដ្ឋានស្តាត​ចាស់ ដែល​ជា​មូល​ដ្ឋាន​របស់ពួក​គេ។

វា​ហាក់មាន​ភាព​មន្ទិល​ខ្លះៗ ទៅ​លើ​សមត្ថ​ភាពរបស់​​​លោក Akeeb Tunji Ayoyinka ថាតើ ​គ្រូជំនួយ ដែល​ត្រូវ​បាន​តែង​តាំង​ឱ្យ​ធ្វើ​ជា​គ្រូ​បង្គោល​ស្តី​ទី កាលពី​ថ្ងៃ​ចន្ទ ជំនួស​គ្រូ​បង្វឹក​លោក Curtis Colum Gerard រូប​នេះ អាច​ដឹកនាំ​ក្រុម​វិសាខា បន្ត​បាន​នៅ​ភាព​ខ្លាំង​ឬ​យ៉ាង​ណា? ប៉ុន្តែ​តាម​រយៈការ​ប្រកួត នៅ​លើ​ទឹក​ដី​ខ្លួន​ឯង កាលពី​ម្សិលមិញ​នេះ វា​បាន​បង្ហាញ​ច្បាស់​ថា ការ​ដឹកនាំ​របស់​ Akeeb Tunji Ayoyinka កាន់​តែ​​ធ្វើ​ឱ្យ វិសាខា មាន​សម្ទុះ​ខ្លាំង ក្រោយ​ពេល​ពួកគេ បាន​យក​ឈ្នះ​ក្រុមគិរីវង់ រហូត​ដល់ ៥-០ បន្ថែម​ទៅ​លើ​ការ​ឈ្នះ​ត្រឹម ៣-១ កាលពី​ជើង​ទី​១​នោះ។

ការ​រកបាន​៥​គ្រាប់ មិន​ឱ្យ​​ក្រុមគិរីវង់ តដៃ​បាន​នេះ គឺ​ជា​ការ​រួម​គ្នា​ល្អ​បានកាន់តែ​ល្អ​របស់​ក្រុមុំ​វិសាខា ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ខ្សែ​ប្រយុទ្ធ​ទាំង​៣ រក​បាន​គ្រាប់បាល់​ជា​បន្ត​បន្ទាប់គ្នា ដោយ​ក្នុង​នោះ កីឡាករ​មានកម្ពស់ខ្ពស់ Haber Marcus និង Ajayi Opeyemi  រក​បាន​​ម្នាក់​២​គ្រាប់ បន្ទាប់ពី ស៊ិន កក្កដា រក​បាន​គ្រាប់បាល់​បើក​ឆាក នៅនាទីទី​​២៧។

ការ​ឈ្នះ​៣ពិន្ទុ​បន្ថែមនេះ បាន​ជួយ​ឱ្យ វិសាខា នៅតែ​រក្សា​បាននូវ​​ឱកាស​ពេញ​ដៃ ក្នុងការ​ប្រជែង​យក​ពានលីគ​កំពូលកម្ពុជា​ ព្រោះ​ពេល​នេះ ពួក​គេ មាន​៣៤ពិន្ទុ ស្មើ​ជាមួយ​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង និង​ភ្នំពេញ​ក្រោន តែ​ច្រើន​ជាង​ក្រុម​ការពារ​ជើង​ឯក បឹងកេត ចំនួន​១ពិន្ទុ ជាមួយ​​ការ​ប្រកួត​ចំនួន​១៥​លើក​ដូច​គ្នា ហើយ​​​តាម​រយៈ​ការ​មានពិន្ទុ​ស្មើ​គ្នា និងប្រកៀក​ប្រកឹត​គ្នា​នេះ នឹង​ធ្វើ​ឱ្យការ​ប្រកួត​ប្រជែង​យក​ពាន សម្រាប់​ក្រុម​ឈរ​នៅ​តំបន់ Top8 នេះ នឹងកាន់តែមាន​ភាព​តានតឹង​ខ្លាំង។

 

ផ្ទុយ​ពីនេះ ​ក្រុមទ័ព មិនអាច​ប្រើ​ការ​មាន​ប្រៀប ក្នុងនាមជា​ម្ចាស់​ផ្ទះ ដើម្បី​ជម្រះបញ្ជីជាមួយ​​ក្រុមអង្គរ​ថាយហ្គឺរ បាន​នោះ​ទេ  ដោយ​ពួកគេ បានបន្ត​ចាញ់ទាំង​ប្រផិត​ប្រផើយ ២-១ សម្រាប់ការ​ប្រកួត​ជើង​ទី​២ នេះ បន្ថែម​ទៅ​លើ​ការ​ចាញ់ ៣-២ កាលពី​ជើង​ទី​១។

​តាម​រយៈ​ការ​ប្រកួត​នោះ កីឡាករ Taleila Maksim ជា​អ្នក​រក​បាន​គ្រាប់បាល់បើក​ឆាក​ឱ្យ​ក្រុមអង្គរ​ថាយហ្គឺរ នៅ​នាទីទី​៦៣ មុនពេល​កីឡាករ​ចំណូល​ថ្មី​ជនជាតិ​កូរ៉េខាង​ត្បូង ​Chanyon Ha រក​បាន​គ្រាប់បាល់​ដំបូង​ឱ្យ​ក្រុម​ទ័ព តាម​រយៈការ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ នៅនាទីទី​៧០ ប៉ុន្តែ​ឱកាស​ស្វែង​រក​គ្រាប់បាល់​ជ័យជម្នះ​របស់​ក្រុម​ទ័ព ត្រូវ​បាន​បញ្ចប់ ដោយសារ​គ្រាបវ់បាល់​ចុង​ក្រោយ​របស់​ខ្សែ​ប្រយុទ្ធ Crus Guar​diano នៅនាទីទី​៨២ ព្រោះ​១​គ្រាប់នេះ បានជួយ​ឱ្យ អង្គរ​ថាយហ្គឺរ អាច​បន្ត​យក​ឈ្នះ ២-១ យ៉ាង​រំភើប។

ជាមួយការ​ឈ្នះ​បាន​៣ពិន្ទុនេះ ក៏​បាន​ជួយ​ឱ្យក្រុម​អង្គរ​ថាយហ្គឺរ ឡើង​ទៅ​ឈរ​នៅ​លេខ​រៀង​ទី​៦ ជា​បណ្តោះ​អាសន្ន ផង​ដែរ ដោយមាន​២៤ពិន្ទុ ហើយ​បាន​រុញ​ក្រុមទ័ព ដែល​មាន​២២ពិន្ទុ​ដដែល ឱ្យ​មក​ឈរ​នៅលេខ​៧ វិញ​ម្តង៕