ដំណើរឆ្ពោះទៅរកការប្រជែងយកពានលីគកំពូលកម្ពុជា ឆ្នាំ២០២១ របស់ក្រុមវិសាខា និងក្រុមព្រះខ័នរាជស្វាយរៀង សុទ្ធតែបានធ្លាក់ចុះនៅភាគរយ ខណៈក្រុមទាំង២ បានត្រឹមចែកគ្នាម្នាក់១ពិន្ទុ ក្នុងការប្រកួត កាលពីថ្ងៃអាទិត្យ ដែលលទ្ធផលនេះ បានផ្តល់ភាពចំណេញយ៉ាងធំ ទៅដល់ក្រុមភ្នំពេញក្រោន។
តាមរយៈការប្រកួត កាលពីថ្ងៃអាទិត្យនោះ ក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង ស្ទើរតែបានជួបនៅរាត្រីកាល ដ៏រីករាយទៅហើយ បន្ទាប់ពីកីឡាករ មិន រតនៈ និងខ្សែប្រយុទ្ធ Privat ស៊ុតបានម្នាក់១គ្រាប់ នៅនាទីទី១២ និងទី៤៤ ដើម្បីជួយ ស្វាយរៀង នាំមុខក្រុមភ្ញៀវ វិសាខា ២-០ នោះ។
ប៉ុន្តែភាពប្រែប្រួល បានកើតមានឡើង តាមរយៈការរកបាន១គ្រាប់វិញរបស់ខ្សែប្រយុទ្ធ Ajayi Opeyemi នៅនាទីទី ៤៥+២ ហើយជាមួយការដណ្តើមបាននូវដង្ហើបរស់នេះ ខ្សែប្រយុទ្ធប្រេស៊ីលចំណូលថ្មី Cristian Alex បានបន្ថែម១គ្រាប់ទៀត នៅនាទីទី៧១ ដែលជាគ្រាប់បាល់ចុងក្រោយ នាំក្រុមទាំង២ បានបញ្ចប់ការប្រកួតត្រឹមស្មើគ្នា ២-២ ក្រោមបរិកាសប្រកួតប្រជែងយ៉ាងក្តៅគគុក។
ទាំងក្រុមស្វាយរៀង និងវិសាខា សុទ្ធតែមិនសប្បាយចិត្ត ចំពោះការចែកគ្នាម្នាក់១ពិន្ទុនេះ ព្រោះលទ្ធផលនេះ បានធ្វើក្រុមទាំង២ សុទ្ធតែខាតបង់ឱកាស ក្នុងឈានទៅរកការប្រជែងយកពាន ជាពិសេសក្រុមវិសាខា ព្រោះការទទួលបានត្រឹម១ពិន្ទុនេះ វាមិនអាចជួយឱ្យពួកគេ មានភាគរយពេញដៃដូចមុន ដើម្បីប្រជែងជាមួយក្រុមភ្នំពេញក្រោន ទៀតនោះទេ។
ជាមួយលទ្ធផលនៃការប្រកួតនេះ ភ្នំពេញក្រោន ដែលកំពុងឈរនៅលេខ១នោះ អាចមាន២ពិន្ទុនាំមុខលើក្រុមវិសាខា សម្រាប់ការប្រកួត១៦លើកដូចគ្នា គឺ ៣៧ ទល់នឹង៣៥ ពិន្ទុ ចំណែកក្រុមស្វាយរៀង ដែលបានប្រកួតលើកទី១៧ ទៅហើយនោះ មាន៣៦ពិន្ទុ គឺមានន័យថា ឱកាសប្រជែងយកពានរបស់ក្រុមស្វាយរៀង បានធ្លាក់ទៅក្នុងភាពស្រពេចស្រពិលហើយ។
ដោយឡែក សម្រាប់ថ្ងៃចន្ទនេះ ក្រុមភ្នំពេញក្រោន ត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋានស្តាតចាស់ ដើម្បីប្រកួតជាមួយក្រុមម្ចាស់ផ្ទះ កងយោធពលខេមរភូមិន្ទ (ទ័ព) ដែលពួកគេធ្លាប់ស្មើ ១-១ កាលពីជើងទី១ ប៉ុន្តែបើសិនជា ភ្នំពេញក្រោន អាចជម្រះភាពមន្ទិល ពីការស្មើ មកដណ្តើមបាន៣ពិន្ទុ វិញនោះ គឺពួកគេ កាន់តែខិតជិត ទៅដល់ចំណុចដ៏រំភើប គឺការអាចឈ្នះពានលីគកំពូលកម្ពុជា នៅរដូវកាលនេះ៕